(ភ្នំពេញ)៖ តំណាងអង្គការសុខុមាលភាពសត្វពិភពលោក FOUR PAWS ប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ បានបង្ហាញការអបអរសាទរ ក្រោយមានប្រទេសក្នុងតំបន់អាស៊ីមួយចំនួន បានបង្កើតយុន្ធនាការដំបូងគេបង្អស់ ដើម្បីលុបបំបាត់ការជួញដូរ និងបរិភោគសាច់សត្វឆ្កែ និងសត្វឆ្មា។

លោកស្រីវេជ្ជបណ្ឌិត ខេតធឺរីន ភូលាក់ ជាពេទ្យសត្វ និងជាប្រធានទទួលបន្ទុកសុខមាលសត្វអនាថា ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានឱ្យដឹងថា អង្គការ FOUR PAWS ស្វាគមន៍ចំពោះ សកម្មភាពរបស់គណៈកម្មាធិការប្រជាជន នៃទីក្រុង ហួយ អាន ក្នុងកិច្ចការពារជីរិតសត្វឆ្កែ សត្វឆ្មា និងមនុស្ស។

ជាប្រវត្តិសាស្ត្រក្នុងកិច្ចព្រមព្រៀងរបស់គណៈកម្មាធិការប្រជាជននៃទីក្រុង ហួយ អាន ដែលបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីកាត់ផ្តាច់ និងលុបបំបាត់ ការបរិភោគសាច់សត្វឆ្កែ និងសាច់សត្វឆ្មាចេញពីទីក្រុង។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ពួកគេបានធ្វើការរួមគ្នាជាមួយអង្គការ FOUR PAWS ដែលជាអង្គការ សុខុមាលភាពសត្វពិភពលោក លើកិច្ចព្រមព្រៀងមួយនេះ។

លោកស្រីវេជ្ជបណ្ឌិត ខេតធឺរីន ភូលាក់ បានបញ្ជាក់ថា ថាការជួញដូរសាច់សត្វឆ្កែ និងឆ្មា បានធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ ហើយបច្ចុប្បន្ននេះ ប្រទេសដែលពាក់ព័ន្ធនៅក្នុងតំបន់អាស៊ីទាំងមូល ក៏កំពុងតែប្រកាន់ជំហរប្រឆាំងជាមួយនឹងការជួញដូរសាច់សត្វឆ្កែ និងឆ្មានេះផងដែរ ដើម្បីធានាថា សកម្មភាពបែបនេះ ជាជំហាន និងទិសដៅដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាព ដើម្បីលុបបំបាត់រូបភាព និងអំពើជួញដូរបែបនេះចេញពីពិភពលោក។

អង្គការ FOUR PAWS បានចូលរួមជាមួយគណៈកម្មាធិការប្រជាជននៃទីក្រុង ហួយ អាន អស់រយៈពេលជាងមួយឆ្នាំ បន្ទាប់ពីការបង្ហាញចំណាប់អារម្មណ៍ ទៅលើការលុប បំបាត់ ជំងឺឆ្កែឆ្កួត ការពង្រឹងលើសុខុមាលភាពសត្វ និងការលើកកម្ពស់មុខមាត់តំបន់របស់ខ្លួនឲ្យក្លាយជាគោលដៅទេសចរណ៍លំដាប់ពិភពលោក។

សូមជម្រាបថា អង្គការសុខុមាលភាពសត្វពិភពលោក FOUR PAWS កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ បានទទួល ១លានហត្ថលេខា របស់ប្រជាជន នៅទូទាំង ពិភពលោក និង២០ម៉ឺននាក់របស់ប្រជាជននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ចុះហត្ថលេខាលើញត្តិ អំពាវនាវសុំឱ្យបញ្ឈប់ជំនួញសាច់ឆ្កែ និងឆ្មានៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

សត្វឆ្កែ និងសត្វឆ្មា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលពាក់ព័ន្ធនឹងការជួញដូរនេះ ច្រើនជាសត្វចិញ្ចឹមដែលត្រូវបានគេលួច ឬសត្វអនាថាតាមផ្លូវដែលត្រូវបានគេចាប់ដាក់ក្នុង ទ្រុងតូចៗ ហើយត្រូវបានសម្លាប់នៅតាមភោជនីយដ្ឋាន ផ្សារ និងកន្លែងសម្លាប់សត្វ។ លក្ខខណ្ឌមិនមានអនាម័យនៅក្នុងទីសត្តឃាត និងតាមទីផ្សារសត្វរស់ អាចបង្ករឱ្យ មានការឆ្លងជំងឺពីសត្វមកមនុស្ស និងជាកន្លែងសម្រាប់បង្កាត់ជំងឺថ្មីៗ ដែលមានលទ្ធផលក្នុងការបង្កើតភាពមហន្តរាយ យ៉ាងខ្លាំង សម្រាប់សុខភាពសាធារណៈ និងពិភពលោកទាំងមូល៕