(ត្បូងឃ្មុំ)៖ ថ្លែងចេញពីទឹកដីខេត្តត្បូងឃ្មុំ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា លោកបណ្ឌិត ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺជាបញ្ញាវន្តតែមួយគត់ដែលសក្តិសមបំផុតសម្រាប់បេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។

ការថ្លែងរបស់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ បែបនេះធ្វើឡើងនៅក្នុងឱកាសលោកបណ្ឌិត បានអញ្ជើញជាអធិបតីបញ្ចុះបឋមសិលាកសាងទីកន្លែងព្រះសង្ឃប្រសូត្រ ធ្វើអំពីស្ពាន់ និងមាស នៅវត្តសាមគ្គីសុខារាម ហៅត្តច្រករំដេង ស្ថិតនៅក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។

លោកបណ្ឌិតអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត, ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាបញ្ញាវន្តតែមួយគត់ដែលសក្តិសមបំផុតសម្រាប់តំណែង បេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត»

លោកអភិបាលខេត្តបានបន្ថែមថា ប្រទេសជាតិយើងសព្វថ្ងៃនេះ កំពុងតែមានរីកចម្រើនជាលំដាប់ កំពុងកសាងលើគ្រប់វិស័យ ពិសេសវិស័យពុទ្ធចក្រ ក៏ដោយសារតែប្រទេសមានសុខសន្ដិភាព ដែលបានមកពីក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងរឹងមាំពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

លោកអភិបាលខេត្ត បញ្ជាក់ថា បច្ចុប្បន្ននេះព្រះសង្ឃលោកអាចារ្យគណៈកម្មការវត្តច្រករំដេង បានឯកភាពគ្នា ជាវដីពង្រីកទីធ្លាវត្ត និងចាប់ផ្ដើមកសាងទីបូជណីយដ្ឋានកន្លែង ព្រះអង្គប្រសូត្រសម្រាប់តម្កល់រូវបដិមាព្រះអង្គប្រសូត្រ កម្ពស់សរុប១៧ម៉ែត្រ ក្នុងនោះ ធ្វើអំពីស្ពាន់កម្ពស់៤ម៉ែត្រ ៣តឹក ផ្កាឈូកទ្រព្រះអង្គ៧ជាន់ កំពស់៥ម៉ែត្រ ខឿន៣ជាន់ កម្ពស់៧ម៉ែត្រ ៥តឹក។ ការកសាងបដិមាព្រះអង្គប្រសូត្រនេះលោក ជាម ច័ន្ទសោភ័ណ និងលោកស្រី ម៉េង វ៉ាន់ដានីន បានប្រគេនបច្ច័យចំនួន៤លានរៀល និងបានចែកអាវរងារជូនលោកតាលោកយាយផងដែរ៕