(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ បានបន្តចលនាឱ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អប្រសើរ តាមរយៈការបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជួនជានិច្ច ដើម្បីចូលរួមបង្ការ និងទប់ស្កាត់អំពីការឆ្លងជំងឺកូវីដ-១៩ បន្ទាប់ពីទទួលបានអាវរងារ គ្រឿងឧបភោគ បរិភោគ និងថវិកា ដើម្បីដោះស្រាយក្នុងជីវភាព ដ៏ថ្លៃថ្លាពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក ឯក ឃុនដឿន បានបន្តចលនា ក៏ដូចជាការជុំរុញបន្ថែមនេះ ធ្វើឡើងក្នុងពេលមានការចូលរួមដោយលោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី១ លោកចៅសង្កាត់រងទី១ ក្រុមប្រឹក្សាសង្កាត់ មន្ត្រីសង្កាត់ និងលោកមេភូមិផងដែរ បានបន្តចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយមកឧបត្ថម្ភចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ និងដើម្បីជួយសម្រួលដល់ជីវភាព ចំនួន៤សព (៤គ្រួសារ) ស្ថិតនៅសាលាសង្កាត់ នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។

សូមជម្រាបថា សម្រាប់អំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលលោកអភិបាលខណ្ឌឫស្សីកែវ នាំយកមកឧបត្ថម្ភដល់ក្រុមគ្រួសារសពស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន៤សព (៤គ្រួសារ) ដើម្បីចូលរួមរំលែកទុក្ខ និងជួយសម្រួលដល់ជីវភាព ដោយក្នុង១គ្រួសារទទួលបានរួមមាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអុីវ១យួរ, អាវរងារ១កញ្ចប់ និងថវិកាចំនួន ២,០០០,០០០រៀល៕