(ភ្នំពេញ)៖ អង្គជំនុំជម្រះតុលាការកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានបដិសេធសំណើរបស់សហព្រះរាជអាជ្ញាអន្តរជាតិសុំបញ្ជូនសំណុំរឿង០០៣ ប្រឆាំងនឹង មាស មុត ទៅជំនុំជម្រះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ។

សេចក្តីប្រកាសព័ត៌មាន បានបញ្ជាកលថា៖ «ដោយទទួលបានសំឡេងជាឯកច្ឆ័ន្ទអង្គជំនុំជម្រះ បានសម្រេចថា បណ្តឹងសាទុក្ខរបស់សហព្រះរាជអាជ្ញាអន្តរជាតិស្តីពីការខកខានរបស់អង្គបុរេជំនុំជម្រះក្នុងការបញ្ជូនសំណុំរឿង០០៣ ទៅជំនុំជម្រះដូចបានតម្រូវដោយក្របខណ្ឌគតិយុត្តរបស់ អ.វ.ត.ក មិនអាចទទួលយកបាន។ ក្នុងការបដិសេធសំណើសុំនេះសំឡេងជាឯកឆន្ទបានឆ្លើយតបចំពោះអំណះអំណាងជាច្រើនក្នុងគោលបំណងផ្តល់នូវការបំភ្លឺ និងសច្ចភាពផ្លូវច្បាប់ ដើម្បីផលប្រយោជន៍យុត្តិធម៌»។

អ.វ.ត.ក បានឱ្យដឹងថា៖

ទី១៖ បានបដិសេធការយល់ឃើញដែលថាអង្គបុរេ ជំនុំជម្រះ បានតម្កល់ជាឯកច្ឆ័ន្ទ នូវសុពលភាពនៃដីកាបញ្ជូនរឿងទៅជំនុំជម្រះប្រឆាំងនឹង មាស មុត នៅក្នុងសេចក្តីពិចារណាលើបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាដំណោះស្រាយរបស់ខ្លួន។

ទី២៖ បានបញ្ជាក់ថា អង្គបុរេជំនុំជម្រះបានបញ្ចប់សំណុំរឿង០០៣ នៅពេលអង្គជំនុំជម្រះនេះបានចេញសេចក្តីពិចារណារបស់ខ្លួន។

និងទី៣៖ បានបញ្ជាក់បំភ្លឺថាសំណុំរឿង០០៣ ត្រូវបានបញ្ចប់ដោយសារគ្មានដីកាបញ្ជូនរឿងទៅជំនុំជម្រះស្ថាពរ និងដែល អាចអនុវត្តបាន។

លោកស្រីចៅក្រម Maureen Harding Clark បានធ្វើការសន្និដ្ឋាននៅក្នុងការយល់ឃើញរបស់លោកស្រីថា «សេចក្តី សម្រេចរបស់អង្គបុរេជំនុំជម្រះត្រូវតែបដិសេធចោល ហើយសំណុំរឿង០០៣ ប្រឆាំងនឹង មាស មុត គប្បីត្រូវបញ្ចប់»