(ព្រះវិហារ)៖ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា និងជាតំណាងប្រជាជន នៃខេត្តព្រះវិហារ នៅល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំគណៈប្រតិភូអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកស្រី ឱ សុខុម សមាជិកាគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) និងជាសមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដែលបានទទួលមរណភាព កាលពីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០២៖៥៥នាទី ក្នុងជន្មាយុ៧៤ឆ្នាំ ដោយរោគាពាធ។

បច្ចុប្បន្នសពលោកស្រី ឱ សុខុម បានរៀបចំតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាម ប្រពៃណីជាតិ នៅគេហដ្ឋានផ្ទះលេខ១១១B ផ្លូវលេខ២ ភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ៕