(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ បានបញ្ជាក់ថា យ៉ាងហោចណាស់មានព្រឹត្តិការណ៍សំខាន់ៗ ចំនួន១១ ក្នុងអំឡុងពេលប្រតិបត្តិការរៀបចំមុនព្រឹត្តិការណ៍ SEA Games មកដល់នាខែឧសភា ឆ្នាំ២០២៣ខាងមុខ។

ការលើកឡើងរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «វិមានកីឡដ្ឋាន នៃហុកីឡដ្ឋានជាតិមរតកតជា» និងរាល់ថយ ៥០២ថ្ងៃ និងប្រកាសបើកយុទ្ធនាជាតិផ្សព្វផ្សាយ SEA GAMES-ASEAN PARA GAME ឆ្នាំ២០២៣។

បើតាមសម្តេចពិជ័យសេនា ព្រឹត្តិការណ៍សំខាន់ៗ ក្នុងអំឡុងពេលប្រតិបត្តិការរៀបចំប្រកួតមុនព្រឹត្តិការណ៍មកដល់រួមមាន៖

១៖ អំឡុងខែមករា ឆ្នាំ២០២២ បញ្ជូនកីឡាករជ្រើសជាតិ ១៣៥នាក់ នៅហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន តាមរយៈជំនួយហិរញ្ញប្បទានឥតសំណង របស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

២៖ អំឡុងខែកុម្ភៈ ឆ្នាំ២០២២ កិច្ចប្រជុំដំបូងក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នៅខេត្តសៀមរាប ដឹកនាំដោយ បណ្ឌិត ថោង ខុន ក្នុងឋានៈជាសហប្រធានក្រុមប្រឹក្សាអាស៊ីអាគ្នេយ៍ ដើម្បីពិនិត្យវឌ្ឍនភាពម្ចាស់ផ្ទះ កំណត់គោលការណ៍សំខាន់ៗរបស់ម្ចាស់ផ្ទះ សម្រាប់ប្រទេសសមាជិក SEA Games និងអនុវត្តតាមធម្មនុញ្ញស៊ីហ្គេម។

៣៖ ថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ចូលរួមប្រកួតកីឡា SEA Games លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម និងការរៀបចំប្រតិភូកម្ពុជាទៅទទួលទង់ SEA Games មកកម្ពុជា ការប្រកួតយុទ្ធសាស្ត្រវាស់ស្ទង់, វិភាគកម្រិតបច្ចេកទេសកីឡាករ និងដកស្រង់បទពិសោធន៍ការងាររៀបចំផងដែរ។

៤៖ អំឡុងខែកញ្ញា ឆ្នាំ២០២២ ចូលរួមប្រកួតកីឡាអាស៊ី Asian Games នៅទីក្រុងហាន់ចូវ ប្រទេសចិន ដែលជាការប្រកួតយុទ្ធសាស្ត្របច្ចេកទេសកីឡា ចុងក្រោយមុន SEA Games នៅកម្ពុជា។

៥៖ អំឡុងខែមករា ឆ្នាំ២០២៣ ការរាប់ថយក្រោយ១០០ថ្ងៃ និងប្រជុំនាយបេសកកម្មប្រតិភូកីឡាទាំង១១ប្រទេស ជាសមាជិកចូលរួម។

៦៖ អំឡុងខែកុម្ភៈ ឆ្នាំ២០២៣ ព្រះរាជពិធីសុំភ្លើងអាទិទេពកីឡា SEA Games-ASEAN Para Games នៅប្រាសាទអង្គរវត្ត ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទនរោត្តម សីហមុនី និងដង្ហែភ្លើងគប់ទៅគ្រប់បណ្តាប្រទេសសមាជិកអាស៊ានទាំង ១០ប្រទេស និងត្រឡប់មកវិញដង្ហែបន្តជុំវិញទន្លេសាប នៃព្រះរាជាណាចក្រកម្ពុជា។

៧៖ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ បើកភូមិកីឡា «Sport Village» ទទួលប្រតិភូកីឡា។

៨៖ អំឡុងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ចាប់ផ្តើមប្រកួតកីឡាបាល់ទាត់ដំបូងគេ។

៩៖ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ពិធីបើកជាផ្លូវការ។

១០៖ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ពិធីបិទជាផ្លូវការ។
១១៖ ថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ បន្តរៀបចំការប្រកួតកីឡាជនពិការអាស៊ាន។

សម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ សូមសំណូមពរ និងអំពាវនាវដូចខាងក្រោម៖

១៖ ក្រសួង ស្ថាប័នរដ្ឋបាលរាជធានី ខេត្ត មន្ទីរ អង្គភាព កងកម្លាំងមានសមត្ថកិច្ច ចូលរួមគាំទ្រ និងផ្សព្វផ្សាយព្រឹត្តិការណ៍ប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយឲ្យបានផុលផុស ដើម្បីស្វែងរកការឧបត្ថម្ភគាំទ្រពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

២៖ សហព័ន្ធកីឡាជាតិ កីឡាករ កីឡាការិនី និងកីឡាករ កីឡាការិនីជនពិការទាំងអស់ សូមបន្តការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បញ្ញា និងស្មារតី ក្នុងការហ្វឹកហាត់ អភិវឌ្ឍជំនាញវិជ្ជាជីវៈកីឡា និងបំពេញបេសកកម្មរបស់ខ្លួនសំដៅឈានឆ្ពោះទៅរកឧត្តមភាពគុណផលកីឡាកម្រិតខ្ពស់ និងដណ្តើមបានជ័យលាភីជូនជាតិមាតុភូមិ។

៣៖ អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី និងក្រុមហ៊ុន សហគ្រាសឯកជនទាំងអស់ ចូលរួមឧបត្ថម្ភគាំទ្រដល់មូលនិធិកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ដើម្បីឱ្យព្រឹត្តិការណ៍កីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ និងកាន់តែមានភាពវិសេសវិសាលបន្ថែមទៀត។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានប្រកាសបើកយុទ្ធនាការជាតិផ្សព្វផ្សាយខ្លឹមសារយុទ្ធនាការ SEA
Games - ASEAN Para Games ចំនួន៤ផងដែរ រួមមាន៖ ១.កីឡារស់ក្នុងសន្តិភាព, ២.ប្រជាជនម្នាក់ លេងកីឡាមួយមុខ, ៣.កម្ពុជាស្អាត និង ៤.កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបន្ថយឥទ្ធិពលគ្រឿងញៀន។

សម្តេចឧបនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា មកដល់ពេលនេះ គណៈកម្មាធិការជាតិ CAMSOC អាចវាយតម្លៃបានថា ហេដ្ឋារចនាសម្ព័ន្ធកីឡា សម្បទាកីឡា ទីលានកីឡា សម្រេចបានជាង៧០% នៅសេសសល់ការកែលម្អ ជួសជុលតម្លើងគុណភាព និងកសាងទីលានកីឡាថ្មី សម្រាប់កីឡាបាញ់កាំភ្លើងមួយតែប៉ុណ្ណោះ។ សម្រាប់ការគ្រប់គ្រងដឹកនាំ គណៈកម្មការជំនាញនីមួយៗ របស់គណៈកម្មាធិការជាតិ CAMSOC បានប្រព្រឹត្តិទៅដោយរលូន និងមានជំនាញការបរទេស បាននិងកំពុងជួយបណ្តុះបណ្តាល របៀបរបបរៀបចំព្រឹត្តិការណ៍កីឡាធំៗ បានសម្រេចប្រមាណ៦០% រួចហើយ។

ផែនការអភិវឌ្ឍសមត្ថភាពគុណផលកីឡា សម្រាប់មន្ត្រីកីឡាជំនាញ និងកីឡាករជម្រើសជាតិ មានដំណើរការរអាក់រអួល នៅអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ខ្លាំង ក៏ប៉ុន្តែរក្សានិរន្តភាពកម្រិតបច្ចេកទេស មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា នៅបន្តឧបត្ថម្ភគាំទ្រក្រុមកីឡាករជម្រើសជាតិ ហ្វឹកហាត់តាមគេហដ្ឋាន និងទីតាំងសុវត្ថិភាព រហូតដល់ខែតុលា ឆ្នាំ២០២១ ទើបរៀបចំហ្វឹកហាត់ដោយបោះជំរំបិទខ្ទប់ហ្វឹកហាត់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

សម្តេចពិជ័យសេនាបានបញ្ជាក់ទៀតថា បើតាមការវាយតម្លៃបច្ចេកទេស ធៀបនឹងផែនការមេ ក្នុងការអភិវឌ្ឍបច្ចេកទេសកីឡាកម្រិតខ្ពស់ ទើបតែអនុវត្តបានជាង ៤០% តែប៉ុណ្ណោះ។ ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ CAMSOC បាននិងកំពុងពន្លឺនការងារគ្រប់គ្រង និងយន្តការរដ្ឋបាលបច្ចេកទេស ដើម្បីដោះស្រាយបញ្ហាប្រឈម និងដាក់ផែនការអនុវត្តបន្ត៕