(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «វិមានកីឡដ្ឋាន» ដែលជាសំណង់ធំជាងគេនៃពហុកីឡដ្ឋានជាតិមរតកតេជោ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងកោតសរសើរចំពោះមិត្តចិន ដែលតែងតែបង្ហាញពីការគោរពចំពោះកម្ពុជា ក្នុងនោះបើទោះបីខ្លួនជាអ្នក ផ្តល់ជំនួយក្នុងការសាងពហុកីឡដ្ឋានជាតិមរតកតេជោក៏ដោយ តែមិនបានកំណត់ថាត្រូវយករូបភាពតាមបែបណានោះទេ តែទុកឱ្យកម្ពុជាជាអ្នករើសដោយផ្ទាល់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ឯកឧត្តម ថោង ខុន បានលើកឡើងទាក់ទិនជាមួយនឹងបញ្ហាសំណង់ ហើយអ្វីដែលខ្ញុំមានការកោតសរសើរនោះនៅត្រង់ ថាមិត្តចិន មិនបានយកគំរូតែមួយយកមកធ្វើការជ្រើសរើសនោះទេ បានគូរគំរូរហូតទៅដល់៣ ដើម្បីឱ្យកម្ពុជាធ្វើការជ្រើសរើស ចំណុចនេះជាការគាត់សំគាល់របស់ខ្ញុំ គឺបង្ហាញពីការគោរពរបស់មិត្តចិនចំពោះកម្ពុជា ទោះបីខ្លួនជាអ្នកផ្តល់ជំនួយក៏ដោយចុះ ក៏ប៉ុន្តែគឺមិនបានកំណត់ថាត្រូវតែយករូបភាពតាមបែបណាមួយនោះទេ មិត្តចិន បានគូរនូវជំរើស៣បែប ដើម្បីយកមកឱ្យខ្ញុំធ្វើការជ្រើសរើសដោយផ្ទាល់»

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ដោយសារនៅក្នុងអតីតកាលទំនាក់ទំនងរវាងកម្ពុជា-ចិន ធ្វើដំណើរតាមសមុទ្រ ហើយនៅក្នុងដំណាក់កាលចុងក្រោយនេះ គំនិតផ្តួចផ្តើមទាក់ទងនឹងផ្លូវ ខ្សែក្រវ៉ាត់និងផ្លូវ ក៏ដូចជាផ្លូវសូត្រសត្សវត្សទី២១ កម្ពុជាក៏សម្រេចជ្រើសរើសយករូបភាពសំពៅ ដើម្បីបង្ហាញពីការតភ្ជាប់រវាងកម្ពុជា-ចិន ពីអតីតកាលផង និងបង្ហាញពីការតភ្ជាប់នៅក្នុងបច្ចុប្បន្ន និងអនាគតផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ដែរថា «នេះគឺជាផលប្រយោជន៍មួយក្នុងចំណោមផលប្រយោជន៍ជាច្រើនទៀត ដែលកម្ពុជាទទួលបាននៅក្នុងក្របខណ្ឌនៃ កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ខ្ញុំមិនដឹងថាតើអ្នកដ៏ទៃគិតពីអ្វីខ្ញុំមិនយល់ទេ ក៏ប៉ុន្តែសម្រាប់កម្ពុជា គឺគិតបែបនេះហើយ»

គួរបញ្ជាក់ដែរថា វិមានកីឡដ្ឋានជាតិមរតកតេជោ ដ៏ទំនើបស្ដង់ដារអន្ដរជាតិនេះ បានបើកការដ្ឋានសាងសង់ផ្លូវការកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ដោយសាងសង់លើផ្ទៃដីប្រមាណ ១៦.២២ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ គឺជាពហុកីឡដ្ឋាន ខ្នាតធំ ដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៦ម៉ឺននាក់ ហើយមានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗ រហូតដល់កម្រិត ពិភពលោក ពិសេសនឹងក្លាយជាពហុកីឡដ្ឋានដ៏សំខាន់ សម្រាប់ស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា៕