(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះ បានថ្លែងថា នៅឆ្នាំក្រោយមេរោគកូវីដ១៩ បម្លែងថ្មី «អូមីក្រុង» នឹងរាលដាលពេញពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។

ក្នុងន័យនេះ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នជានិច្ច ចំពោះមេរោគកូវីដ១៩។ លោកស្រីជឿជាក់ថា ប្រជាពលរដ្ឋទាំងអស់គ្នា អាចអនុវត្តបាននូវវិធានការ ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងកូវីដ-១៩ ដែលជួយការពារលោកអ្នកពីការវាយលុកធ្ងន់ធ្ងរលើសុខភាព, ពីការចូលសម្រាកពេទ្យ និងពីការស្លាប់បាត់បង់ជីវិតផងដែរ។

តាមរយៈបណ្តាញ Twitter លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់យ៉ាងដូច្នេះ៖ «ខ្ញុំយល់ឃើញថា ឆ្នាំ២០២២ នឹងជាឆ្នាំដែលវីរុសអូមីក្រុងដើរហើរពេញពិភពលោក រួមទាំងកម្ពុជាផងដែរ។ ដូច្នេះត្រូវមានការប្រុងប្រយ័ត្នជានិច្ច និងត្រៀមលក្ខណ:ក្នុងការឆ្លើយតបទៅនឹងការផ្ទុះការរាតត្បាត ជាយថាហេតុណាមួយ។ សូមជូនពរបងប្អូនទាំងអស់គ្នា សូមរីករាយថ្ងៃបុណ្យណូអែល និងថ្ងៃចូលឆ្នាំសាកលថ្មី ២០២២ ដែលជាឆ្នាំយើងត្រូវបន្តរៀនរស់ជាមួយកូវីដ-១៩ ជាពិសេស អូមីក្រុង និងវីរុសបម្លែងថ្មីផ្សេងៗទៀត។ សូមថែទាំសុខភាពបុគ្គលជាទីស្រឡាញ់របស់លោកអ្នក ក្រុមគ្រួសារលោកអ្នក និងសហគមន៍លោកអ្នកឱ្យបានល្អ ពីការចម្លងវីរុសអូមីក្រុង»

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងមេរោគបម្លែងថ្មី «អូមីក្រុង» សរុបចំនួន ៤ករណីហើយ។ ករណីទី១ លើស្ត្រីជនជាតិខ្មែរអាយុ២៣ឆ្នាំ ត្រឡប់មកពីប្រទេសហ្គាណា, ករណីទី២ លើបុរសជនជាតិអៀរ៉ង់ អាយុ២៥ឆ្នាំ ដែលមកពីប្រទេសកេនយ៉ា។ ចំណែករណីទី៣ និងទី៤ លើជនជាតិខ្មែរអាយុ៣៣ឆ្នាំ និង៤៨ឆ្នាំ ដែលត្រឡប់មកពីប្រទេសបារាំង និងអាមេរិក៕