(ភ្នំពេញ)៖ ក្រុមចោរប្រដាប់អាវុធចំនួន៤ នៅវេលាម៉ោង ១០៖៤០នាទី ព្រឹកថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០២១នេះ បានធ្វើសកម្មភាពប្លន់អ្នកលក់ឡេដ៏ល្បីល្បាញនៅកម្ពុជា អ៊ាន សៀវម៉ី ដោយយកគ្រឿងអលង្ការ និងលុយដុល្លារសរុបជាទឹកប្រាក់ច្រើនលានដុល្លារ។ នេះបើតាម លោក ម៉ន វុទ្ធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ជំហានបឋម នៅមុននេះ។

បើតាមលោកអធិការរូបនេះ, ករណីប្លន់ខាងលើ បានកើតឡើងនៅចំណុចផ្ទះលេខវី០១ បុរីមូនថោន ភូមិគោកចំបក់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយក្រុមចោរប្រដាប់អាវុធមានគ្នាចំនួន ៤នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ។

ពេលនេះ សមត្ថកិច្ចពាក់ព័ន្ធកំពុងបើកប្រតិបត្តិការស្រាវជ្រាវ និងស្វែងរកព័ត៌មានផ្សេងៗទៀត ហើយព័ត៌មានលម្អិតយ៉ាងណានោះ អង្គភាពព័ត៌មាន Fresh News នឹងផ្សព្វផ្សាយជូននៅពេលក្រោយ៕