(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាច្រើនកុះករ នៅយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ បានសម្រុកទៅលេងកម្សាន្ត ក៏ដូចជាទស្សនាវិមាន «កីឡដ្ឋាន» នៃពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោយពីកន្លែងដ៏អស្ចារ្យជាប្រវត្តិសាស្ត្រនេះ ត្រូវបានប្រកាសដាក់ឲ្យដំណើរជាផ្លូវការ។

ក្នុងនោះ គេសង្កេតឃើញប្រជាពលរដ្ឋ ជាពិសេសក្រុមយុវវ័យ បានថតរូបជាមួយកងកម្លាំងសមត្ថកិច្ច ជាពិសេសកងកម្លាំងអាវុធ ដែលឈរជើងការពារសន្តិសណ្តាប់ធ្នាប់ យ៉ាងជិតស្និតសប្បាយរីករាយ ទឹកមុខញញឹមញញែម ដោយបង្ហាញពីអំណោយផលនៃម្លប់សន្តិភាព ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រមុខដឹកនាំ។

កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសរសេរសារលើ Facebook យ៉ាងដូច្នេះថា៖ «អរគុណសន្តិភាព! ប្រជាជនទាំងប្រុសទាំងស្រី ដែលរស់នៅលើទឹកដីកម្ពុជា ស្ថិតនៅក្រោមច្បាប់ ក្រោមម្លប់បារមីព្រះមហាក្សត្រ ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បច្ចុប្បន្ន បានទទួលនូវសិទ្ធិសេរីភាពពេញលេញ មានសញ្ជាតិ មានភាសា មានអក្សរ ផ្លូវការតែមួយ មានវប្បធម៌ ទំនៀមទម្លាប់ប្រពៃណី សាសនា សិល្បៈ កីឡា ផ្សារភ្ជាប់ជាមួយប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ។ ទាំងនេះគឺជាតឹកតាងដែលបង្ហាញ ឲ្យឃើញច្បាស់ថា កម្ពុជា ជាប្រទេសដែលប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍ»។

ក្រលេកមើលជ្រុងមួយ នៃភាពសប្បាយរីករាយរបស់ប្រជាជនដ៏ច្រើនលើសលប់ ផ្សាភ្ជាប់ជាមួយមនោសញ្ចេតនា រុះរាយ ស្និទ្ធស្នាល នឹងកងកម្លាំង ដែលឆ្លុះបញ្ចាំងអំពីតថភាពជាក់ស្តែង ដែលមិនអាចបំប្លែងបំភ្លៃបំផ្លើសបាន។

សូមជម្រាបថា វិមានកីឡដ្ឋានស្ថិតនៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា។ ពិធីសម្ពោធមហាសមិទ្ធផលជាប្រវត្តិសាស្ត្រនេះ មានមហាជនចូលរួមប្រមាណជា ២ម៉ឺននាក់។

វិមានកីឡដ្ឋានត្រូវបានសាងសង់ឡើងលើផ្ទៃដី ៨៦,០០០ម៉ែត្រក្រឡា ដែលអាចផ្ទុកអ្នកទស្សនាបាន ចំនួន៦ម៉ឺននាក់ ចំណាយថវិកា ១៥០លានដុល្លារ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។ សំណង់នេះប្រើប្រាស់កម្លាំងពលកម្ម ដែលជាបុគ្គលិក និងកម្មករជំនាញចិន ២៧០នាក់ និងកម្មករជំនាញ កម្លាំងពលកម្មខែ្មរចំនួន ៥៥០នាក់៕