(កំពង់ចាម)៖ លោកបណ្ឌិត ម៉ឹង មករា សមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារជនបង្គោល ចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម តំណាងបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមជាគណៈអធិបតីក្នុងពិធីដាក់បញ្ជូលយុវជនថ្មី និងប្រកាសទទួលស្គាល់រចនាសម្ព័ន្ធយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក និងឃុំ នៃស្រុកជើងព្រៃ។

ពិធីដែលបានធ្វើឡើងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញ ក៏មានការចូលរួមពី លោកស្រី សុភ័ក្រ សមាជិកយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានយុវជនបក្សខេត្ត ក្រុមការងារបក្សខេត្ត ចំនួន ៦រូប ក្រុមការងារជនបង្គោល ចំនួន១១រូប អចិន្រ្តៃយ៍ស្រុក ចំនួន ២១រូប ប្រធានបក្សឃុំចំនួន ១០រូប ព្រមទាំងសមាជិកបក្សផ្សេងៗទៀត។

ថ្លែងក្នុងពិធីសំណេះសំណាលនេះដែរ លោកបណ្ឌិត ម៉ឹង មករា បានផ្តាំផ្ញើការសួរសុខទុក្ខពី លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល ឱ្យក្រុមការងារគ្រប់ថ្នាក់ទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដើម្បីបម្រើការងារ និងដោះស្រាយរាល់បញ្ហានានាជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព ព្រោះគណបក្សប្រជាជនកម្ពុជា ប្រសូត្រអឡើងពីប្រជាជន និងធ្វើដើម្បីប្រជាជន។

ក្រោមការដឹកនាំរបស់ បណ្ឌិត ម៉ឹង មករា និងការចង្អុលបង្ហាញដោយផ្ទាល់ពី បណ្ឌិត ហ៊ុន ម៉ាណែត ក្រុមការងារបានរួមចំណែកយ៉ាងច្រើន ក្នុងការជួយដល់កិច្ចការមនុស្សធម៌មានដូចជា វិស័យសុខាភិបាល វិស័យអប់រំ វិស័យកសិកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធជូនប្រជាពលរដ្ឋ រួមមាន ការកសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹកប្រលាយទឹក ស្រះទឹក ការដាំកូនឈើលម្អអមសងខាងផ្លូវ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមជនបទ ពិសេសក្នុងវិបត្តិនៃជំងឺឆ្លង កូវីដ-១៩។

ជាមួយគ្នានោះដែរ បណ្ឌិត ម៉ឹង មករា ក៏បាននាំមកជាមួយនូវអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត រួមមាន៖

១៖ ថវិកាជូនប្រធានបក្សស្រុក ចំនួន ៥.០០០.០០០រៀល
២៖ ថវិកាជូនប្រធានយុវជនស្រុក ចំនួន ៥.០០០.០០០រៀល
៣៖ និងជូនយុវជនចំនួន ១៨៥នាក់ ក្នុងមួយនាក់ៗទទួលបាន អាវយឺត មួក និងក្រមា រួមជាមួយ ថវិកា ៥០.០០០រៀល៕