(ភ្នំពេញ)៖ មានយុវជន ចំនួន ២នាក់ ត្រូវបានក្រុមចោរប្រដាប់អាវុធកាំភ្លើងខ្លី ចំនួន ៣នាក់ ជិះម៉ូតូដេញតាមធ្វើសកម្មភាពបាញ់ប្រហារ ដើម្បីប្លន់យកម៉ូតូ តែមិនបានសម្រេច។

ករណីនេះ ត្រូវបានប្រជាពលរដ្ឋ និងអ្នករត់កង់បីរួមសហការកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ធ្វើការចាប់ខ្លួនជនសង្ស័យបាន២នាក់ ខណៈបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួន។ សមត្ថកិច្ច ក៏បានដកហូតកាំភ្លើងខ្លី១ដើម និងម៉ូតូ១គ្រឿងផងដែរ។

ហេតុការណ៍ខាងលើនេះបានកើតឡើង នៅយប់រំលងអធ្រាតឈានចូលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ ស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក ម៉ន វុធី អធិការនគរបាលខណ្ឌ បានឲ្យដឹងថា ជនសង្ស័យរួមមាន៖
* ១៖ ឈ្មោះ ឡុង សុថា អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ស្នាក់នៅផ្ទះជួលភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
* ២៖ ឈ្មោះ សឿង សំណាង អាយុ២៥ឆ្នាំមុខរបរជាងជួសជុលទូរស័ព្ទ ស្នាក់នៅភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានដកហូតកាំភ្លើងខ្លី១ដើម និងម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅស៊េរីឆ្នាំ២០១៨ ពាក់ស្លាក់លេខភ្នំពេញ 1GU,7276 ។

ចំណែកជនរងគ្រោះមានឈ្មោះ មឿង វីលឡា ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរជាងសំណង់ស្នាក់នៅបន្ទប់ជួលភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនិងឈ្មោះ ស៉ីម ស៉ីហុង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបស់ជាសំណង់ស្នាក់នៅភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក ម៉ន វុធី បានឲ្យដឹងថា ដំណើររឿងនៅមុនពេលកើតហេតុ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៖៣០ នាទីរំលងអធ្រាត្រ ជនរងគ្រោះទាំងពីរនាក់ខាងលើបានជិះចេញពីរាំកម្សាន្ត នៅក្លឹបមួយកន្លែងស្ថិតនៅខណ្ឌសែនសុខ ដើម្បីត្រឡប់មកបន្ទប់ជួលវិញ។

លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យចំនួន៣នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាមកក្បែរជនរងគ្រោះ រួចក្រុមជនសង្ស័យបានស្រែកគំរាមឲ្យឈប់ម៉ូតូ ដោយជនសង្ស័យម្នាក់នៅអង្គុយខាងក្រោយ មានកាន់ខ្សែក្រវ៉ាត់ និងម្នាក់ទៀតអង្គុយនៅកណ្ដាលបានដកកាំភ្លើងខ្លីមួយ ដើមភ្ជង់គំរាមជនរងគ្រោះ និងបាញ់ចំនួន២គ្រាប់។

សំណាងល្អបានប្រជាពលរដ្ឋ និងអ្នករត់កង់បីចេញមកជួយទាន់ពេលវេលា និងឃាត់ខ្លួនបានជនសង្ស័យ ចំនួន ២ នាក់ រួមនឹងវត្ថុតាងនៅកន្លែងកើតហេតុ។ ចំណែកឯជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួនបាត់។

បន្ទាប់មកកម្លាំងសមត្ថកិច្ច បានចុះទៅអន្តរាគមន៍នៅកន្លែងកើតហេតុ និងបាននាំខ្លួនជនសង្ស័យទាំងពីរនាក់ មកកាន់ជំនាញអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី។ ចំណែកឯបក្ខពួកដែលនៅសេសសល់ កម្លាំងសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវតាមចាប់បន្តទៀត៕