(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នំា២០២១នេះ គឺជាថ្ងៃដែលប្រជាជាតិខ្មែរទាំងងក្នុងនិងក្រៅព្រះនគរ មានសេចក្ដីអំណរសាទរជាទីបំផុតដែលពហុកីឡដ្ឋានជាតិមរតកតេជោបានផុសរូបរាងជាស្ថាពរនិងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបីតភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

ចំពោះពហុកីទ្បដ្ឋានជាតិមរតកតេជោដ៏ប្រណិតតែមួយនៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់អាស៊ានទាំងមូលមួយនេះ ក៏ជាការឆ្លុះបញ្ចាំងអំពីរឿងរ៉ាវប្រវត្ដិសាស្រ្ដខ្មែរដែលបានបង្ហាញពីទិដ្ឋភាពពីរខុសគ្នាគឺរវាងការធ្លាប់បែកបាក់ជាតិក្នុងអតីតកាលនិងសុខសន្តិភាពនាបច្ចុប្បន្នកាលយើងនេះ។

១៖ ការបែកបាក់ជាតិ គឺកម្ពុជាបានជួបតែទុក្ខលំបាកវេទនាពីរបបមួយទៅរបបមួយទៀត រហូតដល់ធ្លាក់ចូលក្នុងរណ្តៅវាលពិឃាតដែលបានបន្សល់ទុកនូវការចងចាំមិនភ្លេចគ្រប់ៗគ្រួសារ នូវការព្រាត់ប្រាស់រវាងប្តីព្រាត់ប្រពន្ឋ បងព្រាត់ប្អូន កូនព្រាត់ម្តាយ និងប្រជាពលរដ្ឋមួយចំនួនទៀតត្រូវព្រាត់ប្រាស់ពីមាតុភូមិជាទីស្រឡាញ់របស់ខ្លួន ហើយបន្សល់ទុក្ខនូវការឈឺចាប់ដែលមិនអាចគណនាបាន។
២៖ សុខសន្តិភាព គឺកម្ពុជាបច្ចុប្បន្នបានប្រែមុខមាត់ថ្មី ពីទីក្រុងខ្មោច មកជាទីក្រុងទំនើបមួយដែលពោពេញទៅដោយអាគារខ្ពស់ៗកប់ពពក ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ថ្នល់ទំនើបៗបានកកើតនិងលេចរូបរាងឡើងជាបន្តបន្ទាប់ ទាំងនេះ ធ្វើឲ្យព្រះនគរយើងទាំងមូលមានភាពសុខដុមរមនា សំបូរសប្បាយ និងមានសមត្ថភាពបង្ហាញខ្លួនក្នុងឆាកអន្តរជាតិនូវគ្រប់វិស័យ ក៏ដូចជាវិស័យវប្បធម៌ និងកីឡាជាដើម ដូចយើងបានឃើញមានពហុកីទ្បដ្ឋានជាតិមរតកតេជោដ៏ប្រណិតតែមួយក្នុងតំបន់អាស៊ាននេះលេចឡើង និងឈរជើងយ៉ាងរឹងមាំស្រស់ស្គឹមស្គៃ នៅចំកណ្តាលបេះដូងរាជធានីភ្នំពេញនៃកម្ពុជា ដែលកំពុងឈរញញឹរងចាំទទួលស្វាគមន៌កីឡាករជាតិនិងអន្តរជាតិ ពីគ្រប់ជាតិសាសន៍នានាលើពិភពលោក។

មួយវិញទៀតចំពោះពហុកីទ្បដ្ឋានជាតិមរតកតេជោដ៏ប្រណិតអស្ចារ្យក្នុងប្រវត្ដិសាស្រ្ដកម្ពុជាទំនើបនេះផងដែរ ក៏ជាការជំរុញលើកទឹកចិត្ដដល់កុលបុត្រកុលធីតាជាកីទ្បាករកីទ្បាការនីខ្មែរគ្រប់វិញ្ញាសារទំាងអស់ ឲ្យខំពង្រឹងសមត្ថភាពឲ្យសាកសមទៅ​និងសមិទ្ធផលដ៏អស្ចារ្យមួយនេះដើម្បីដណ្តើមយកជយលាភីឈ្នះយកមេដាយជូនជាតិ មាតុភូមិក្នុងការប្រកួតកីទ្បាស៊ីហ្គេមនាឆ្នំា២០២៣ ខាងមុខឬការប្រកួតកីឡាផ្សេងៗទៀត ក្នុងការចូលរួមចំណែកលើកតំកើងមុខមាត់ប្រទេសជាតិដែលមានសន្តិភាពតរៀងទៅ៕