(ភ្នំពេញ)៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា (AstraZeneca ) ជាង ៣០ម៉ឺនដូសបន្ថែមទៀត ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅល្ងាចថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១នេះ ដើម្បីបន្តរួមចំណែកប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩នៅកម្ពុជា។

រដ្ឋាភិបាល និងប្រជាជនជប៉ុន បានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា មកប្រទេសកម្ពុជាចំនួនប្រមាណ ១លានដូសរួចម្តងមកហើយកាលពីខែកក្កដា ឆ្នាំ២០២១។ ជំនួយវ៉ាក់សាំងរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលដឹកមកដល់កម្ពុជាកាលពីលើកទី១ ត្រូវបានអញ្ជើញទទួលដោយផ្ទាល់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ការមកដល់លើកទី២នៅល្ងាចថ្ងៃទី១៩ ខែធ្នូ នេះ លោកសាស្ត្រាចារ្យបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នឹងអញ្ជើញទទួល ហើយលោក មីកាមិ ម៉ាសាហ៉ីរុ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នឹងអញ្ជើញជាតំណាងក្នុងការប្រគល់ជូនកម្ពុជា។

លោក មីកាមិ ម៉ាសាហ៉ីរុ បានបង្ហាញក្តីសង្ឃឹមថា ជំនួយនេះ នឹងរួមចំណែកបន្ថែមទៀតដល់ជំហានឆ្ពោះទៅរកការងើបឡើងវិញនៃសង្គម និងសេដ្ឋកិច្ច ក៏ដូចជាកាត់បន្ថយការព្រួយបារម្ភមួយចំនួនរបស់ប្រជាជនកម្ពុជា។

ប្រឈមមុខនឹងការរីករាលដាលនៃមេរោគឆ្លងថ្មីដែលពិភពលោកកំពុងជួបប្រទះនេះ ការចាក់វ៉ាក់សាំង និងការពង្រឹងប្រព័ន្ធសុខាភិបាលគឺជាអាទិភាពចំបងសម្រាប់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា។ រដ្ឋាភិបាលជប៉ុន ជាប្រទេសមួយ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

លោកឯកអគ្គរាជទូតជប៉ុន បានឱ្យដឹងថា មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយសរុបច្រើនជាង ៦០លានដុល្លារអាមេរិកដល់កម្ពុជា ដែលរួមមានការផ្ដល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រតាមរយៈអង្គការអន្តរជាតិនានាសម្រាប់វិធានការទប់ស្កាត់ការចម្លងជំងឺតាមព្រំដែន ក៏ដូចជាការផ្ដល់បរិក្ខារសម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំងឱ្យបានត្រឹមត្រូវផងដែរ។

រដ្ឋាភិបាលជប៉ុន ក៏បានផ្តល់ជាកម្ចីប្រមាណ ២២៧លានដុល្លារអាមេរិក ដែលត្រូវបានយកទៅប្រើប្រាស់ក្នុងការគាំទ្រហិរញ្ញវត្ថុដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារកូរីដ១៩ និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាល។

លោក មីកាមិ បានបង្ហាញនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលជប៉ុនថា នឹងបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩នេះ។ លោកឯកអគ្គរដ្ឋទូត បានអះអាងយ៉ាងដូច្នេះ «ក្នុងការប្រយុទ្ធប្រឆាំងនៃកូវីដ១៩របស់យើង ប្រទេសជប៉ុន នឹងបន្តសហការ និងធ្វើការរួមគ្នាជាមួយកម្ពុជាដែលជាមិត្តដ៏សំខាន់របស់យើង»។

លោកឯកអគ្គរដ្ឋទូតសង្ឃឹមថា ស្ថានភាពសកលលោករួមទាំងកម្ពុជា នឹងអាចល្អប្រសើរឡើងក្នុងពេលដ៏ឆាប់ខាងមុខនេះ ហើយការផ្លាស់ប្ដូរទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន ក៏ដូចជាក្នុងពិភពលោកនឹងអាចចាប់ផ្តើមឡើងវិញ។

ការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ គឺជាយុទ្ធសាស្ត្រចម្បងដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញដើម្បីប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩ ក៏ដូចជាការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺរាតត្បាតនេះ។

ក្រោមយុទ្ធសាស្ត្រ និងផែនការមួយដ៏ច្បាស់លាស់ កម្ពុជា បានក្លាយជាប្រទេសដែលរកបានវ៉ាក់សាំង បានលឿនសម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ មកដល់ពេលនេះ ទាំងការទិញ ជំនួយពីប្រទេសជាមិត្ត និងមជ្ឈមណ្ឌលកូវ៉ាក់ផងនោះ កម្ពុជារកបានវ៉ាក់សាំងសរុបជិត ៤១លានដូស។

ទន្ទឹមនឹងការចាក់ដូសទី១ និងដូសទី២ ជូនប្រជាពលរដ្ឋជាង ១៤លាននាក់ជិតរួចរាល់ជាស្ថាពរ ហើយបន្តចាក់ដូសជំរុញ ឬដូសទី៣ ជូនប្រជាពលរដ្ឋបានជាង៣លានផងដែរ។ បច្ចុប្បន្នកម្ពុជានៅសល់វ៉ាក់សាំងក្នុងឃ្លាំងជាង ៦.២លានដូស។

រហូតមកដល់ពេលនេះមានប្រទេសជាច្រើនរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋមិនទាន់គ្រប់តាមផែនការនៅឡើយ។ ដោយឡែកកម្ពុជា ចាក់ជូនប្រជាពលរដ្ឋជិតរួចរាល់ ហើយនៅសល់វ៉ាក់សាំងជាច្រើននៅក្នុងឃ្លាំង ជាការបង្ហាញឱ្យឃើញពីភាពជោគជ័យយ៉ាងធំធេងរបស់កម្ពុជាលើនយោបាយវ៉ាក់សាំង។

ភាពជោគជ័យរបស់កម្ពុជា លើការរកបានវ៉ាក់សាំង និងការសម្រេចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានស្ទើរតែ១០០ភាគរយ លឿនជាងផែនការគ្រោងទុកនេះ នាំឱ្យអង្គការសុខភាពពិភពលោក អង្គការដៃគូអភិវឌ្ឍន៍ និងប្រទេសជាច្រើន បង្ហាញនូវការស្ញប់ស្ញែង និងកោតសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន លើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។

អានុភាពវ៉ាក់សាំងដែលរាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ប្រឹងប្រែងរកមកចាក់ជូនប្រជាពលរដ្ឋ បាននឹងធ្វើឱ្យកម្ពុជាឆ្លងផុតពីហានិភ័យ និងការរាតត្បាតនៃជំងឺកូវីដ១៩ ហើយកំពុងបើកសកម្មភាពសង្គមឡើងវិញយ៉ាងទូលាយ៕