(ភ្នំពេញ)៖ ករណីក្រុមចោរប្លន់ប្រដាប់អាវុធនៅផ្ទះអ្នកលក់ឡេដ៏ល្បី អ៊ាន សៀវម៉ី បានកើតឡើងនៅវេលាម៉ោង១០៖៥០នាទី ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចផ្ទះវីឡាលេខV01 ស្ថិតក្នុងភូមិគោគចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ករណីនេះ គ្រាដំបូងជនរងគ្រោះបានអះអាងទាំងផិតភ័យប្រាប់សមត្ថកិច្ច ដែលចុះទៅដល់ទីតាំងកើតហេតុថា ខ្លួនបាត់បង់ទ្រព្យសម្បត្តិអស់ជិត១០លានដុល្លារ ប៉ុន្តែបន្ទាប់ពីបានសួរនាំច្បាស់លាស់ ដោយសមត្ថកិច្ចចម្រុះ ទើបជនរងគ្រោះបញ្ជាក់ថាខ្លួនបាត់បង់តែខ្សែក៣ខ្សែប៉ុណ្ណោះ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបញ្ជាក់នៅលើហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា៖ «ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធចំពោះការ ចុះផ្សាយពីការបាត់ដ៏ច្រើនលើសលុបនេះ និងសូមបញ្ជាក់ជូនសារធារណជនទាំងអស់ឱ្យបានជ្រាបថា នៅពេលដែលសមត្ថកិច្ចចម្រុះកំពុងតែធ្វើការសាកសួរ និងស្រាវជ្រាវឱ្យបានច្បាស់លាស់លើករណីនេះ ជាក់ស្តែងតាមចម្លើយជនរងគ្រោះបានបញ្ជាក់យ៉ាងច្បាស់ថា បាត់តែខ្សែក៣ខ្សែតែប៉ុណ្ណោះ»

ទោះជាយ៉ាងនេះក្តីតាមប្រភពក្រៅផ្លូវការជាមនុស្សដែលស្និទ្ធនឹងជនរងគ្រោះ បានបង្ហើបប្រាប់ Fresh News ឲ្យដឹងថា ខ្សែកពេជ្រ៣ ខ្សែដែលបានបាត់នោះមានតម្លៃជាង២លានដុល្លារ។

បើតាមការរៀបរាប់របស់សមត្ថកិច្ចនគរបាល ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា៖

នៅមុនពេលកើតហេតុជនរងគ្រោះ និងក្រុមគ្រួសារមានមនុស្ស១០នាក់ ក្នុងនោះមាន ប្រុស៤ ស្រី៣ និងក្មេង៣នាក់ (ប្រុស១ស្រី២) កំពុងរៀបចំចេញដំណើរទៅផ្ទះរបស់ខ្លួនទៅខេត្តកំពង់ស្ពឺ ហើយពេលកំពុងរៀបចេញពីផ្ទះ ក៏ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៤នាក់ អង្គុយក្នុងឡាន១នាក់ (ឡានម៉ាក GS អត់ស្លាកលេខពណ៌ស) (ក្នុងចំណោម៤នាក់មានម្នាក់ពាក់សក្តិ៤) ចុះមកឃាត់ជនរងគ្រោះមិនឲ្យចេញដំណើរ ហើយប្រាប់ជនរងគ្រោះថា ពួកគេមកពីក្រសួងមកអនុវត្តដីការ។

ជនសង្ស័យប្រដាប់ដោយអាវុធវែងមួយដើម(អ៉ឹមសី) និងខ្លី៣ដើម បានបញ្ចូលគ្រាប់ភ្ជុងជនរងគ្រោះដាក់ខ្នោះដៃ និងឆក់ជនរងគ្រោះ ហើយឲ្យជនរងគ្រោះឈ្មោះ អ៊ាន សៀវម៉ី នាំឡើងទៅជាន់ទី១ បន្ទប់ដាក់គ្រឿងអលង្កា ហើយឲ្យបើកទូដែកយកគ្រឿងអលង្ការទាំងអស់ ដាក់ចូលសាក់កាដូពណ៌ខ្មៅ ដែលជនសង្ស័យយកមកជាមួយ។

សរុបទ្រព្យសម្បត្តិដែលជនសង្ស័យយកទៅមានតម្លៃខ្ទង់លានដុល្លារ ក្រោយពេលធ្វើសកម្មភាពរួចជនសង្ស័យទាំងអស់ បានស្រែកហៅនាមសម្ងាត់របស់បក្ខពួកខ្លួន ថា A1 .A2 ម៉ូ ម៉ូ និងបានយកក្បាលកាមេរ៉ា នាំគ្នាឡើងលើរថយន្តដែលមានបក្ខពួករង់ចាំខាងក្នុង ហើយបើកគេចខ្លួនបាត់តែម្តង ដោយបន្សល់ទុកនូវ វត្ថុតាងរួមមាន៖ ខ្នោះដៃចំនួន៤ និងដីកាចំនួន១សន្លឹកប៉ុណ្ណោះ។

ប៉ុន្តែករណីនេះបន្ទាប់ពីសមត្ថកិច្ចបានសួរនាំច្បាស់លាស់លើជនរងគ្រោះទើបដឹងថា ខ្លួនបាត់បង់តែខ្សែក៣ខ្សែប៉ុណ្ណោះ។

ទាក់ទងជាមួយនឹងករណីប្លន់ប្រដាប់អាវុធនេះ សមត្ថកិច្ចបានកំណត់មុខសញ្ញារួចហើយ៕