(ភ្នំពេញ)៖ បន្ទាប់ពីប្រឹងប្រែងប្រយុទ្ធយ៉ាងខ្លាំងក្លារយៈពេល ១០ខែ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសបិទបញ្ចប់ទាំងស្រុងហើយនូវព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ដែលសម្តេចបានប្រសិទ្ធនាមថា «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»នោះ។
ការប្រកាសបិទបញ្ចប់ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ទៀតនោះឡើយ ខណៈអ្នកឆ្លងថ្មីមានត្រឹមតែ ៧នាក់ប៉ុណ្ណោះ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញនេះ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នេះគឺជាជោគជ័យដ៏ធំធេងមួយរបស់កម្ពុជា លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។ សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងដូច្នេះ «អាចចាត់ទុកថា នេះគឺជាជោគជ័យមួយ ឬអាចថា ការកាត់បន្ថយនូវបរាជ័យដោយសារកូវីដ១៩ ដែលខ្ញុំ ព្រះករុណខ្ញុំ តែងតែនិយាយថា គ្មានទេពាក្យជោគជ័យ គ្រាន់តែថា ពាក្យខូចខាតវាមិនធំ។ យើងមិនមានជោគជ័យទេលើជំងឺនេះ តែក៏អាចនិយាយបានថា ជាជោគជ័យនៃការទប់ស្កាត់មិនឱ្យយើងធ្លាក់ទៅក្នុងជ្រោះមរណៈ»។
នៅក្នុងសារប្រកាសបិទបញ្ចប់ «ព្រឹត្តិការសហគម៍២០កុម្ភៈ» សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចពីការលំបាកនានារបស់រាជរដ្ឋាភិបាល និងប្រជាជនបណ្តាលមកពីការរាតត្បាតជំងឺកូវីដ១៩។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ជាពិសេសក្រុមគ្រូពេទ្យ ដែលត្រូវបានប្រសិទ្ធនាមកង «ទ័ពអាវស» បានចូលរួមប្រយុទ្ធប្រឆាំងប្រកបដោយឆន្ទៈយ៉ាងមុះមុតបំផុត។
«ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានមោទនភាពជាមួយស្ថាប័នសេនាធិការទាំងអស់ ដែលចូលរួមជ្រោមជ្រែងជាមួយខ្ញុំព្រះករុណា ខ្ញុំ ក្នុងការដឹកនាំនូវយុទ្ធនាការនៃការប្រយុទ្ធក្នុងព្រឹត្តិការណ៍២០កុម្ភៈនេះ»។ នេះជាការគូសបញ្ជាក់របស់សម្តេចតេជោ។
សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ សម្រាប់សម្តេចតេជោ ហ៊ុន សែន វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានរួមចំណែកយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយការពារអាយុជីវិតប្រជាពលរដ្ឋខ្មែរ។
សម្តេចតេជោ បានថ្លែងអំណរគុណដល់ប្រទេសជាមិត្ត មានចិន ជប៉ុន អង់គ្លេស អាមេរិក ហូឡង់ ដែលបានផ្តល់ជំនួយវ៉ាក់សាំងមកដល់ប្រទេសកម្ពុជា ដើម្បីជាចំណែកទប់ស្កាត់នឹងការរាតត្បាតជំងឺកូវីដ១៩នេះ។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋគ្រប់រូប ដែលបានចូលរួមសហការគោរព និងអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវវិធានការទាំងឡាយ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល។
សម្តេចតេជោ ហ៊ុន សែន ក៏បានចូលរួមសម្តែងនូវការសោកស្តាយជាពន់ពេកជាមួយក្រុមគ្រួសារជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋផងដែរថា ទោះបីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ត្រូវបានប្រកាសបិទបញ្ចប់ទៅហើយក្តី តែការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅតែជាកិច្ចការបន្តទៅមុខជានិច្ចតាមរយៈការអនុវត្តន៍វិធានសុខាភិបាល និងជំរុញការចាក់វ៉ាក់សាំង។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បែបនេះ «យើងគ្រាន់តែប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ ក៏ប៉ុន្តែការប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅតែជាកិច្ចការបន្តតទៅទៀត។ កិច្ចការនេះមិនអាចធ្វេសប្រហែសបានទេ សូមកុំឱ្យកើតមាននូវព្រឹត្តិការណ៍ដទៃទៀត សូមឱ្យការធ្លាក់ចុះនៃការឆ្លង ធ្លាក់ចុះនៃការស្លាប់ នឹងឈានទៅរកអត្រាសូន្យនៃការស្លាប់នេះនឹងនៅបន្តទៀត តាមរយៈការខិតខំរបស់ប្រជាជនម្នាក់ៗ គ្រួសារនីមួយៗ សហគមន៍នីមួយៗក្នុងការអនុវត្តន៍វិធានការសុខាភិបាល ជាមួយនឹងការខិតខំរបស់ក្រសួងសុខាភិបាល ក្នុងការចាក់វ៉ាក់សាំងបន្តសម្រាប់អ្នកមិនទាន់បានចាក់»។
សម្តេចតេជោ ហ៊ុន សែន បានស្នើលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងគណៈកម្មការចំពោះកិច្ចពិនិត្យលទ្ធភាពនានា ជំរុញការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ឱ្យបានសម្រេចតាមការកំណត់។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវជាថ្មីម្តងទៀតដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ការពារអាយុជីវិតខ្លួនឯង គ្រួសារ និងរួមចំណែកការពារសហគមន៍ ក៏ដូចជាការពារប្រទេស ដើម្បីធ្វើឱ្យការបើកដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញប្រព្រឹត្តទៅដោយរលូនដូចរយៈពេលកន្លងទៅ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២០,៤២៣នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៦,៨០៣នាក់ និងស្លាប់សរុបចំនួន ៣,០០៥នាក់៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ៖ https://t.me/freshnewsasia/79092