(ភ្នំពេញ)៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្រសួងនឹងមិនបន្ធូរបន្ថយ ចំពោះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅឆ្នាំនេះនោះទេ ទាំងកម្រិតការដាក់វិញ្ញាសារ និងការរិតបន្តឹងវិន័យ បើទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបណ្តាលឱ្យបិទសាលាមួយរយៈក៏ដោយ។
លោកគូសបញ្ជាក់ថា ការរៀបចំការប្រឡងទៅតាមស្តង់ដារ នៃការប្រឡងសញ្ញបត្រធម្យមសិក្សាទុតិយភូមិនេះ គឺដើម្បីធ្វើឱ្យសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅកម្ពុជា នៅតែមានតម្លៃ និងមានគុណភាព ទោះបីជាប្រឡងនៅពេលណាក៏ដោយ។
លោកបានលើកឡើងបែបនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២៧ ធ្នូ ២០២១ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នេះ នៅក្រសួងអប់រំ យុវជន និងកីឡា។
លោកបានបញ្ជាក់យ៉ាងច្នេះថា «ជារួមយើង មិនចង់ឱ្យសិស្សហ្នឹងមានការរើសអើងថា ការប្រឡងពេលកូវីដវាមិនដល់ស្តង់ដារនឹងធ្វើឱ្យសិស្សបាក់មុខ សិស្សខ្លះគាត់រៀនពូកែ ចឹងមិនចង់មានឱ្យមានពាក្យថាសញ្ញាបត្រកូវីដទេ ចង់ឱ្យសញ្ញាបត្រហ្នឹងមានគុណភាពដូចគ្នា ដូច្នេះ យើងយកវិធីសាស្រ្តមួយទៀត គឺគាំទ្រសិស្សនៅពេលរៀនវិញ លើកទឹកចិត្តឱ្យគាត់រៀន ផ្តល់សង្ខេបមេរៀនជូនគាត់ ផ្តល់ឯកសារជូនគាត់ឱ្យបានគ្រប់គ្រាន់ ហើយដើម្បីរក្សានូវស្តង់ដារមួយ ដើម្បីឱ្យសិស្សយកចំណេះវិជ្ជាហ្នឹងទៅប្រើប្រាស់ក្នុងជីវិតជាក់ស្តែង។ ក្រសួងក៏បានថ្លឹងថ្លែងដែរ គឺមិនចង់ឱ្យមានស្តង់ដារ ពីរ បីនៅក្នុងការប្រឡង» ។
លោកទទួលស្គាល់ថា ការសិក្សារបស់សិស្សនៅក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ឆ្នាំនេះ មិនបានពេញលេញ ប៉ុន្តែក្រសួងបានទុកពេលវេលាឱ្យសិស្សបានរៀនគ្រប់គ្រាន់ហើយ សម្រាប់ការរៀនសូត្រ នៅពេលបើកសាលាឡើងវិញ។
លោកលើកឡើងថា ចាប់តាំងពីមានការបិទសាសារៀនបណ្តោះអាសន្នមក ក្រសួងបានជំរុញឱ្យគ្រូផ្តោតការយកចិត្តទុកដាក់ទៅលើសិស្សថ្នាក់ទី៩ និងទី១២ ដោយមានរៀបចំជាមេរៀនសង្ខេបឱ្យសិស្ស ទៅលើមុខវិជ្ជាសំខាន់សម្រាប់ការប្រឡង។ ជាមួយគ្នានេះ នៅពេលមានការបើកសាលាឡើង ក្រសួងក៏តម្រូវឱ្យគណៈគ្រប់គ្រងសាលាវាយតម្លៃលើសមត្ថភាពសិស្ស និងត្រូវបង្រៀនផ្តោតទៅលើកន្លែងដែលសិស្សខ្សោយជាដើម។
បន្ទាប់ពីសាសារដ្ឋនិងឯកជនបើកដំណើរការឡើងវិញកាលពីខែកញ្ញា ក្រសួងបានផ្តល់ឱកាសឱ្យសិស្សចំនួន៤ខែ ដើម្បីរៀនបន្ថែមសម្រាប់ត្រៀមប្រឡង ដែលធ្វើឱ្យការប្រឡងត្រូវរៀបចំនៅចុងឆ្នាំវិញ ពោលគឺនៅ ២៧ ធ្នូ ២០២១។
ក្រៅពីការមិនបន្ធូបន្ថយទៅលើការចេញវិញ្ញាសារ លោករដ្ឋមន្រ្តី ក៏បញ្ជាក់ពីការរិតបន្តឹងក្នុងពេលប្រឡើងមិនខុសពីឆ្នាំមុនៗផងដែរ។ លោកបញ្ជាក់ថា បេក្ខជនប្រឡង ត្រូវតែគោរពទៅតាមបទបញ្ញត្តិដែលក្រសួងបានកំណត់ ក្នុងនោះមិនត្រូវយកនូវសំណៅឯកសារផ្សេងៗ ឬទូរសព្ទដៃ ឬឧបករអេឡិចត្រូនិច មកជាមួយក្នុងពេលប្រឡងនោះទេ។ ប្រសិនបើរកឃើញថា បេក្ខជនណាម្នាក់លួចចម្លងលើវិញ្ញាសារណាមួយ នឹងត្រូវបានពិន្ទុសូន្យ ដូច្នេះនៅពេលដែលបេក្ខជនណាម្នាក់បានពិន្ទុសូន្យលើវិញ្ញាសារណាមួយនឹងធ្លាក់ដោយស្វ័យប្រវត្តិតែម្តង។
លោកបន្តថា «យើងបានឱ្យនិយមន័យថាតើលួចចម្លងរបៀបមិច មានន័យ បើយើងឆេកទៅឃើញសរសេរដូចគ្នាជាដើម ឬក៏អើតមើលរបស់គេជាដើម ហើយកម្រិតវិន័យទី២ គឺប្រសិនបើគាត់ដើរចុះដើរឡើងពីកន្លែងខ្លួន ដោយគ្មានការអនុញ្ញាត ឱ្យសន្លឹកកិច្ចការឱ្យអ្នកដទៃ ឬក៏បោះប្រធានវិញ្ញាសារចេញក្រៅបង្អួចអីជាដើម ដណ្តើមសន្លឹកកិច្ចការ ឬមួយប្រមូលលុយអីជាដើម នៅពេលនោះក៏ឱ្យធ្លាក់ដែរ ហើយជាពិសេសអ្នកដែលឱ្យគេប្រឡងជំនួស គឺឱ្យធ្លាក់ដោយស្វ័យប្រវត្តិ ហើយមិនឱ្យប្រឡងក្នុងរយៈពេល២ឆ្នាំ»។
ចំណែកមន្រ្តីអប់រំដែលធ្វើខុសវិន័យដូចជា ប្រមូលលុយពីសិស្ស និងផ្តល់ចម្លើយឱ្យសិស្សនោះ ត្រូវដាក់ទោសទណ្ឌតាមការកំណត់របស់ក្រសួង ហើយប្រសិនបើប្រព្រឹត្តកំហុសធ្ងន់ធ្ងរនោះ នឹងឈានដល់ការបណ្តេញចេញពីការងារផងដែរ។
លោក ហង់ ជួនណារ៉ុន បានឱ្យដឹងទៀតថា សម្រាប់ការប្រឡើងឆ្នាំនេះ ក្រសួងបានដាក់ពង្រាយមន្រ្តីអប់រំដែលជាគណៈកម្មការប្រមាណ៣ម៉ឺននាក់ (ដោយមិនរាប់បញ្ចូលមន្រ្តីកងរាជអាវុធហត្ថនោះទេ) ដែលក្នុងមួយបន្ទប់មានអនុរក្សចំនួន២នាក់ ដើម្បីពិនិត្យមើលដំណើរការប្រឡងនៅក្នុងបន្ទប់ប្រឡង៕