(កំពង់ស្ពឺ)៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិខ្មែរម្នាក់ និងរឹបអូសគ្រឿងញៀនជាង១គីឡូក្រាម នៅខេត្តកំពង់ស្ពឺ។

ការចុះបង្ក្រាបនេះ អនុវត្តតាមបញ្ជានាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

ប្រតិបត្ដិការនេះ ធ្វើឡើងកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៧៖៣០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៤) ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន មានការចូលរួមស្នងការដ្ឋានគរបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលពីលោកស្រី ចាត សូរស្មី ព្រះរាជអជ្ញានៃអយ្យការ អមសាលាដំបូងខេត្តកំពង់ស្ពឺ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវបង្រ្កាប នៅចំណុចភូមិសុវណ្ណគីរី ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លទ្ធផលឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ម៉ែន វិច្ឆិការ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ និងវត្ថុតាងចាប់យកបានមេតំហ្វេតាមីន (ICE) ទម្ងន់ ១៣៨៥,៤៩ក្រាម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ បន្តតាមនីតិវិធី៕