(ភ្នំពេញ)៖ ឧក្រិដ្ឋជនគ្រឿងញៀនជនជាតិចិន ចំនួន៣នាក់ ដែលជាមេក្លាងកែច្នៃ និងផលិតគ្រឿងញៀន នាំបម្រុងនាំចេញទៅក្រៅប្រទេស ដែលត្រូវកម្លាំងជំនាញបង្ក្រាបបានជាង២តោននោះ ត្រូវតំណាងអយ្យការចោទប្រកាន់ចំនួន២បទល្មើស ដែលឈមនឹងការជាប់ពន្ធនាគារអស់មួយជីវិត។

លោក ប្លង់ សុផល អ្នកនាំពាក្យស្ថាប័នអយ្យការ បានឲ្យភ្នាក់ងារ Fresh News ប្រចាំសាលាដំបូងរាជធានីភ្នំពេញ ឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះថា សំណុំរឿងក្រុមឧក្រិដ្ឋជនដែលបម្រុងនាំចេញគ្រឿងញៀនចេញទៅក្រៅប្រទេសនោះ ត្រូវបានលោក សេង ហៀង ព្រះរាជអាជ្ញារង ចោទប្រកាន់ពីបទ «ផលិត ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន» និង បទ «សំអាតប្រាក់»។

បើតាមអ្នកនាំពាក្យ ក្រោយចោទប្រកាន់តំណាងអយ្យការ បានបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៉ើបសួរ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

សូមរំលឹកថា កម្លាំងនគរបាលជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបំបែកសំណុំរឿងកែច្នៃគ្រឿងញៀនទ្រង់ទ្រាយធំមួយករណី ដែលក្រុមឧក្រិដ្ឋជនបម្រុងនាំចេញទៅក្រៅប្រទេស បានដោយជោគជ័យ និងឈានទៅដល់ការរឹបអូសគ្រឿងញៀនប្រភេទ កេតាមីន (ម្ស៉ៅខេ) សរុបជាបន្ដបន្ទាប់ជាង២តោន ខណៈសារធាតុគីមីផ្សំរហូតដល់៨០តោន។

ការបង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំ ដែលមិនធ្លាប់មាននៅកម្ពុជា កម្លាំងនគរបាលជំនាញ បានចាប់ខ្លួនក្រុមឧក្រិដ្ឋជន ដែលសុទ្ធតែជាមេក្លោងចំនួន៤នាក់ ក្នុងនោះម្នាក់ចាប់ស្លាប់ ដោយសារការប៉ះទង្កិចគ្នាដោយអាវុធមួយប្រាវ នៅក្នុងរង្វង់ប្រតិបត្តិការ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ស្រុកកំពង់សិលា (ផ្លូវបំបែកស្រែអំបិល) ខេត្តព្រះសីហនុ៕