(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលអំណោយសប្បុរសធម៌ពីសប្បុរសជន ដែលមាន អង្ករ ៨តោន និងមី ២៥០កេស ដើម្បីជួយដល់ប្រជាពលរដ្ឋខ្វះខាត នៅខេត្តស្វាយរៀង។

តាមរយៈលោកស្រី ហ៊ុន ស៊ីណាត ដែលបាននាំយកអំណោយមកដោយផ្ទាល់នេះ លោកស្រី ម៉ែន សំអន ក៏បានសន្យាចំពោះមុខម្ចាស់អំណោយថានឹងយកអំណោយទាំងនេះ ទៅផ្តល់ជូនដល់ដៃបងប្អូនប្រជាពលរដ្ឋ ដែលខ្វះខាតដោយផ្ទាល់ ដោយមិនឲ្យម្ចាស់អំណោយខកបំណងឡើយ។

ក្នុងឱកាសនោះលោកស្រី ម៉ែន សំអន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរជន ដែលបានចូលរួមបរិច្ចាគនូវទ្រព្យធនរបស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេសជួយដល់ការងារមនុស្សធម៌ ក៏ដូចជាជួយដល់ពលរដ្ឋ ដែលកំពុងជួបប្រទះ នូវការលំបាកក្នុងខេត្តស្វាយរៀង៕