(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ រួមជាមួយក្រុមការងារ បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ១ខ្សែ ប្រវែង ២,៦៩៧ម៉ែត្រ ក្នុងឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា បានថ្លែងថា សមិទ្ធិផលផ្លូវមួយខ្សែ ដែលកំពុងបើកការដ្ឋានស្ថាបនានេះ ជាគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាបជំហាន២ ដែលត្រូវចំណាយថវិកាអស់ជាង៣០ម៉ឺនដុល្លារ គឺជាការឆ្លើយតបទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានស្នើសុំក្នុងវេទិកាសាធារណៈនាពេលកន្លងមក។

លោកអភិបាលខេត្ត បានបញ្ជាក់ថា សមិទ្ធផលផ្លូវមួយខ្សែនេះ មានផលប្រយោជន៍ច្រើនដល់ប្រជាពលរដ្ឋយើង ក្នុងស្រុកកោះសូទិន ពិសេសប្រជាពលរដ្ឋដែលបានទទួលផលដោយផ្ទាល់គឺមានក្នុងរង្វង់ជាង៩០០គ្រួសារ រស់នៅក្នុងភូមិចំនួន ៦ភូមិ ក្នុងឃុំពង្រ និងឃុំមហាលាភ។

លោកបានបញ្ជាក់បន្ថែមថា ផ្លូវ គឺជាសសៃឈាមនៃសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ ពោលគឺផ្លូវនេះ បានបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ ពីតំបន់មួយទៅតំបន់មួយបានឆាប់រហ័ស ចំណេញទាំងពេលវេលា និងថវិកា រីឯសាច់ញាតិដែលនៅទីជិតឆ្ងាយ ក៏ងាយ ស្រួលក្នុងការធ្វើដំណើរមកលេងស្រុក កំណើត ដោយសារតែមានផ្លូវស្អាតនេះផងដែរ។

ទោះជាយ៉ាងណាក៏ដោយ លោកអភិបាលខេត្ត បានសំណូមពរដល់ប្រជាពលរដ្ឋ សូមឱ្យមានការសហការល្អ និងការយោគយល់គ្នា ជាមួយអាជ្ញាធរ និងក្រុមហ៊ុនស្ថាបនាផ្លូវ ចំពោះការរំខានណាមួយ ក្នុងពេលកំពុងស្ថាបនា សូមឱ្យប្រជាពលរដ្ឋចូលរួម ដើម្បីទទួលបានផ្លូវស្អាតប្រកបដោយគុណភាពខ្ពស់ ប្រើប្រាស់បានយូរអង្វែង។

លោកអភិបាលខេត្ត បានយកឱកាសនោះ ផ្តាំផ្ញើដល់ពលរដ្ឋទាំងអស់ សូមឱ្យយកចិត្តទុកដាក់ ថែទាំសុខភាព ជាពិសេស ការចូលរួមបន្តអនុវត្តវិធានការសុខាភិបាល «៣ការពារ និង៣កុំ» ដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ១៩ ក្នុងរលកថ្មី ជាពិសេសនៅក្នុងរដូវរងារនេះ។

សូមបញ្ជាក់ថា បន្ទាប់ពីពិធីបើកការដ្ឋាន អភិបាលខេត្តកំពង់ចាម និងក្រុមការងារ បានអញ្ជើញពិនិត្យការដ្ឋានស្ថាបនាផ្លូវមួយខ្សែទៀត ដែលជាគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ពីឃុំប៉ាក់ណាម ស្រុកកោះសូទិន ទៅដល់ឃុំព្រែកសណ្ដែក ជាប់ព្រំប្រទល់ខេត្តព្រៃវែង៕