(បាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា បច្ចុប្បន្ននេះអត្រាគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសកម្ពុជា ហាក់មានការកើនឡើងវិញ បន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩ ធូរស្រាល ជាមួយនឹងការបើកដំណើរការប្រទេសឡើងវិញ លើគ្រប់វិស័យ។

ក្នុងឱកាសអញ្ជើញសម្ពោធអគារមណ្ឌលទទួលពលករកំរៀង នៅស្រុកកំរៀង ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង បានកត់សម្គាល់ថា នៅពេលជំងឺកូវីដ១៩ កំពុងតែរីករាលដាលខ្លាំង ប្រជាពលរដ្ឋមិនសូវធ្វើដំណើរ ចំនួនគ្រោះថ្នាក់ចរាចរណ៍ក៏មានការថយចុះ ប៉ុន្ដែហក់ឡើងវិញក្រោយស្ថានភាពកូវីដធូរស្រាល។

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់បែបនេះថា «បញ្ហាចរាចរណ៍កាលពីជំងឺកូវីដ មិនសូវដើរមិនសូវមានគ្រោះថ្នាក់ទេ គ្រាន់តែបើកប្រទេសវិញ កើនតែម្ដងចំនួនតួលេខគ្រោះថ្នាក់។ នេះត្រូវតែយកចិត្តទុកដាក់ជាបញ្ហានាំឲ្យមានការខាតបង់»

បើតាមការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង គ្រោះថ្នាក់ចរាចរណ៍នេះជាបញ្ហារួម ដែលត្រូវបន្ដការយកចិត្តទុកដាក់ ព្រោះគ្រោះថ្នាក់នេះបានបន្សល់ទុកឲ្យសង្គមដោះស្រាយ ដូចជាក្មេងកំព្រា ពិការភាពជាដើម។ សម្ដេចបញ្ជាក់ថា «យើងម្នាក់ៗ ត្រូវតែរួមគ្នាប្រុងប្រយ័ត្ន ដើម្បីកុំឲ្យគ្រោះថ្នាក់ ត្រូវគោរពច្បាប់ចរាចរណ៍»

ពាក់ព័ន្ធចំនួនគ្រោះថ្នាក់ចរាចរណ៍នេះ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងថា កាលពីត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២១នេះ ចំនួនគ្រោះថ្នាក់ចរាចរណ៍ បានបណ្ដាលឲ្យមនុស្សស្លាប់ជាមធ្យម ៤នាក់ក្នុងមួយថ្ងៃ ប៉ុន្ដែចាប់ពីអំឡុងខែតុលាមក ស្រាប់តែកើនឡើងរហូតដល់៥នាក់ក្នុងមួយថ្ងៃ។ នាយឧត្តមសេនីយ៍ បានអះអាងថា ចំនួនគ្រោះថ្នាក់ចរាចរណ៍ ៥៥ភាគរយ គឺកើតឡើងនៅពេលយប់។

អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកការងារចរាចរណ៍រូបនេះ បានបញ្ជាក់បន្ថែមថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ ចំនួនគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន២, ៣៨៧ករណី ធៀបនឹងឆ្នាំ២០២០ ចំនួន២,៩២០ករណី, ស្លាប់ចំនួន១,៣៤៥នាក់ ធៀបនឹងឆ្នាំ២០២០ ចំនួន១,៥០៧នាក់ និងរបួស ចំនួន៣,២៣១នាក់ ធៀបនឹងឆ្នាំ២០២០ ចំនួន៤,៣៥១នាក់។

ជាការកត់សម្គាល់ បើទោះបីគ្រោះថ្នាក់ចរាចរណ៍ហាក់កើនឡើងបន្ដិច នៅឆ្នាំ២០២១នេះ ប៉ុន្ដែនាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានលើកឡើងថា ចំនួនទាំងអស់នេះបើធៀបនឹងឆ្នាំ២០២០កន្លងទៅ នៅតែមានការថយចុះ ក្នុងរង្វង់៥០០ករណី និងថយមនុស្សស្លាប់ជាង១០០នាក់ ខណៈរបួសថយជាង១,០០០នាក់។

យ៉ាងណាមិញ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវបន្ដចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងការស្លាប់ដោយសារគ្រោះថ្នាក់សង្គមមួយនេះ៕