(ភ្នំពេញ)៖ លោក ថៃ ឫទ្ធី អគ្គនាយករង កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ប្រាប់សមាគមពាណិជ្ជករដឹកជញ្ជូនទំនិញកម្ពុជាថា កំពង់ផែទឹកជ្រៅ នឹងជួយសម្រួលឲ្យការដឹកជញ្ជូន មានតម្លៃទាបកាន់តែទាប។

លោក ថៃ ឫទ្ធី បញ្ជាក់បែបនេះក្នុងឱកាសលោកតំណាងលោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលស្វាគមន៍លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញកម្ពុជា ដែលបានដឹកនាំប្រតិភូរបស់សមាគមតាមរយៈលោក ហុង គីមហ៊ង ប្រធានក្រុមការងារ និងជាទីប្រឹក្សាជាន់ខ្ពស់សមាគម ដើម្បីធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីសក្តានុពលច្រកសេដ្ឋកិច្ច នៃកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។

នៅក្នុងកិច្ចស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រតិភូសមាគម លោកអគ្គនាយករង ថៃ ឫទ្ធី បានថ្លែងថា បើទោះបីជាប្រទេសកម្ពុជា ទទួលរងផលប៉ះពាល់ពីជំងឺរាតកូវីដ១៩ យ៉ាងនេះក្តី ប៉ុន្តែដោយការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ឋប្រឆាំងនិងជំងឺនេះ បានធ្វើឱ្យប្រទេសកម្ពុជាអាចបើកច្រកសេដ្ឋកិច្ចឡើងវិញ និងមានការរីកចម្រើនជាបន្តបន្ទាប់។ ក្នុងនោះចំណូលកំពង់ផែអន្តជាតិក្រុងព្រះសីហនុ នៅមានការកើនឡើងក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយប្រទេសផ្សេងនៅក្នុងតំបន់បន្តនៃធ្លាក់ចុះ។

លោកបានបន្ថែមទៀតថា ដើម្បីឆ្លើយតបនូវតម្រូវការចាំបាច់នៃការកើនឡើងទំនិញ កំពង់ផែកំពុងធ្វើការអភិវឌ្ឍទីតាំង ផែផ្ទេរឆ្លងកាត់ទំនិញជាអន្តរជាតិ (International Transit) និងឃ្លាំង Bounded Warehouse នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់កំពង់ផែ និងចាប់ផ្តើមដំណើរការនាពេលឆាប់ៗនេះ ដើម្បីផ្តល់ភាពងាយស្រួលដល់ម្ចាស់ទំនិញ នាំចេញ នាំចូល និងការវិនិយោគនៅក្នុងប្រទេសកម្ពុជា។

ក្នុងនោះលោកអគ្គនាយករង ក៏បានលើកឡើងអំពីគម្រោងអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅដែលអាចជាចំណតកប៉ាល់ធំ ផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូន និងកាត់បន្ថយការដឹកជញ្ជូនឲ្យមានតម្លៃទាបនាពេលអនាគតផងដែរ។

ចំណតកំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងជំហានទី១ ដែលមានប្រវែង ៣៥០ម៉ែត្រ និងជម្រៅទឹក ១៤.៥ម៉ែត្រ ដោយទទួលបានប្រាក់កម្ចីជាង ២០០លានដុល្លារពីជប៉ុន នឹងចាប់ផ្តើមដំណើរការសាងសង់នៅឆ្នាំ២០២២ និងបញ្ចប់ការសាង់សង់នៅដើមឆ្នាំ២០២៥ ខណៈបច្ចុប្បន្ននេះ សម្រេចបានការគូសប្លង់រួចរាល់ហើយ និងកំពុងដំណើរការដេញថ្លៃ។

នៅពេលដែលកំពង់ផែទឹកជ្រៅនេះ សាងសង់រួចរាល់នៅឆ្នាំ២០២៥ នឹងអាចអនុញ្ញាតឱ្យកប៉ាល់ដែលសមត្ថភាពផ្ទុក កុងតឺន័ររហូតដល់ជាង ៤ពាន់កុងតឺន័រ អាចចូលចតដែលពេលនោះកប៉ាល់ប្រមាណ ៩៣% នៃកប៉ាល់ក្នុងតំបន់អាស៉ី ចូលចតនៅកម្ពុជាបាន ដែលនឹងធ្វើឱ្យតម្លៃដឹកជញ្ជូនទាបជាងមុន ដែលតាមការប៉ាន់ស្មានតម្លៃដឹកជញ្ជូន អាចចុះជាង ២០០ដុល្លារក្នុងមួយកុងតឺន័រ។

បច្ចុប្បន្ននេះកំពង់ផែស្វយ័តក្រុងព្រះសីហនុ អាចអនុញ្ញាតឱ្យនាវាក្នុងតំបន់អាស៊ីប៉ាស៉ីហ្វិច ចូលបានតែប្រមាណតែ ១៨%ប៉ុណ្ណោះ មានន័យថា ក្នុងចំណោម ១០០កប៉ាល់ អាចចូលចតបានតែ១៨ ឬ ១៩កប៉ាល់ និងអនុញ្ញាតឱ្យនាវាដែលផ្តុកកុងតឺន័រ បានតែ ១៥០០ប៉ុណ្ណោះ។

ក្នុងឱកាសនោះ លោក ជា ចាន់ដារ៉ា បានសម្តែងក្តីសេចក្តីរីករាយ និងមោនភាពជាខ្លាំង ដោយមើលឃើញពីការអភិវឌ្ឍផែជាច្រើនគម្រោង ក្រោមម្លប់សន្តិភាពរបស់រាជរដ្ឋាភិបាល ដែលដឹកនាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ជាពិសេស ក្រោមការដឹកនាំដោយផ្ទាល់ពីសំណាក់ លោក លូ គឹមឈន់ និងសហការី បានបន្តការអភិវឌ្ឍកំពង់ផែនេះជាបន្តបន្ទាប់ឥតឈប់ឈរ ដោយបង្កើតឲ្យមានឃ្លាំង Bounded Warehouse ដែលទំនិញអាចស្តុកបាន និងបង់ពន្ធនាពេលក្រោយ និងទីតាំងដែលអាចផ្ទេរឆ្លងកាត់ទំនិញ ពីប្រទេសមួយទៅប្រទេសមួយទៀត រួមទាំងការអភិវឌ្ឍកំពង់ផែទឹកជ្រៅ ដែលអាចនាំទំនិញទៅកាន់ប្រទេសគោលដៅដោយផ្ទាល់ ដោយពុំចាំបាច់ផ្ទេរទំនិញ នៅប្រទេសផ្សេង នៅក្នុងតំបន់ដូចសព្វថ្ងៃនេះ។

បន្ទាប់ពីបញ្ចប់បទបង្ហាញ ក្រុមការងារកំពង់ផែបាននាំប្រតិភូសមាគមចំនួន១៥រូប ដើម្បីទស្សនកិច្ចកំពង់ផែ។ សមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ ក៏បានអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការទទួលយ៉ាងរាក់ទាក់ពីសំណាក់លោក ថៃ រិទ្ឋី តំណាងលោក លូ គឹមឈន់។

សូមជម្រាបដែរថា រយៈពេល៩ខែឆ្នាំ២០២១នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានជាង ២៥៤ ពាន់លានរៀល ឬប្រមាណ ៦២ លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០ មានតែជាង ២២៧ ពាន់លានរៀល៕