(កំពត)៖ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឲ្យដឹងថា ទោះស្ថិតនៅក្នុងអន្តរកាលនៃវិបត្តិកូវីដ១៩ តែការអភិវឌ្ឍន៍លើវិស័យទេសចរណ៍នៅខេត្តកំពត នៅតែបន្តសកម្មភាពរស់រវើកពិសេសកន្លែងស្នាក់នៅ។ នាពេលបច្ចុប្បន្នកំពតមានបន្ទប់ សរុបជិត៤ពាន់ ដោយសារមានកន្លែងបង្កើតថ្មីច្រើនហើយកន្លែងនីមួយៗ មានលក្ខណៈពិសេសប្លែកៗគ្នា ដើម្បីស្រូបទាញបេះដូងទេសចរ និងដណ្តើមយកអតិថិជនឲ្យបានច្រើន។

ជាមួយគ្នានេះ រមណីយដ្ឋាននៅក្នុងខេត្តមួយនេះ បានការកើនឡើងជាបន្តបន្ទាប់ សម្រាប់ទទួលភ្ញៀវជាតិ-អន្តរជាតិ មកលេងកម្សាន្ត។ ជាក់ស្តែង រមនីយដ្ឋាន ហ្គោដថាម រីឡេករីស៊ត «Good Time Relax Resort» បានពង្រីកសក្ដានុពល និងផលិតផលទេសចរណ៍របស់ខ្លួន ដែលធ្វើឲ្យភ្ញៀវទេសចរមានការចាប់អារម្មណ៍ជាបន្តបន្ទាប់ និងសំដៅទាក់ទាញភ្ញៀវឱ្យមកកំសាន្ដ លេងកាន់តែច្រើនឡើងថែមទៀត ខណៈរីស៊តមួយនេះ បានបើកឲ្យដំណើរការទទួលភ្ញៀវជាបណ្ដោះអាសន្នទើបតែមាន រយៈពេលពីរខែតែប៉ុណ្ណោះ ហើយបើកដំណើរការទទួលឲ្យភ្ញៀវទេសចរជាតិ អន្តរជាតិ មកកម្សាន្តលេងជាផ្លូវការ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។ បច្ចុប្បន្ន រមណីយដ្ឋានខាងលើ បានបន្ថែមនូវសេវាកម្មស្នាក់នៅ និងសេវាកម្មកម្សាន្តជាច្រើនសម្បូរបែបទៀត។

រមណីយដ្ឋានទេសចរណ៍ធម្មជាតិ «ហ្គោដថាម រីឡេករីស៊ត Good Time Relax Resort» មានទីតាំងស្ថិតនៅភូមិកំពង់គ្រែង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត មានចម្ងាយប្រមាណ ៧ គីឡូម៉ែត្រ ពីស្ពានថ្មី ក្រុងកំពត។ មានបរិស្ថានអនាម័យស្អាត មានស្ពានឈើសម្រាប់ដើរនៅលើផ្ទៃទឹកព្រែក ភ្ជាប់ពីផ្ទះមួយ ទៅផ្ទះជាច្រើន និងភ្ជាប់ពីបន្ទប់មួយ ទៅបន្ទប់ជាច្រើន មានរុក្ខជាតិដុះលម្អខៀវស្រងាត់ ខ្យល់អាកាសបរិសុទ្ធ និងអាចមើលឃើញ ថ្ងៃលិចនៅលើកំពូលភ្នំទៀតផង។

លោក នន់ ស៊ីដ្ឋា នាយកគ្រប់គ្រងទូទៅ រមណីយដ្ឋាន «ហ្គោដថាម រីឡេករីស៊ត Good Time Relax Resort» បានបានប្រាប់ឲ្យដឹងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នេះថា ខេត្តកំពត គឺជាគោលដៅទេសចរណ៍មួយ ដ៏ពេញនិយម សម្រាប់ខ្សែទន្សនកិច្ចមកកាន់តំបន់សមុទ្រ ដោយសារខេត្តនេះនៅជិតរាជធានីភ្នំពេញ ផ្លូវធ្វើដំណើរល្អហើយនៅជិត ខេត្តកែប និងមានកន្លែងដើរកម្សន្តច្រើនសម្បូរបែប។ កំណើនភ្ញៀវទេសចរ ក៏បានធ្វើឲ្យអ្នកវិនិយោគកាន់តែច្រើន នាំគ្នាចូលមកបង្កើតជាកន្លែងផ្សេងៗ ដើម្បីបម្រើសេវាទេសចរណ៍។ ជាក់ស្តែង រមណីយដ្ឋាន «ហ្គោដថាម រីឡេក» គឺជាកន្លែងស្នាក់នៅដ៏ស្រស់ត្រកាល មានលក្ខណៈបែបជាកេអូទេសចរណ៍ធម្មជាតិពិតប្រាកដ។

លោក នន់ ស៊ីដ្ឋា បានបន្តថា ក្រៅពីបន្ទប់ស្នាក់ ហ្គោដ ថាមរីឡេក ក៏មានអាហារដ្ឋាន, បា, ហើយភ្ញៀវអាចជិះទូកកាយយ៉ាក់ (kayak) លេងកំសាន្តតាមដងព្រែក, មានអាងហែលទឹកជាប្រភេទទឹកប្រៃ ដើម្បីជាប្រយោជន៍ ដល់សុខភាព, កន្លែងហាត់ប្រាណ, ស្ទីម សូណា, អាងត្រាំទឹកក្តៅ ទឹកត្រជាក់ និងកន្លែងម៉ាស្សាជាដើម ធ្វើយ៉ាងណាដើម្បីបំពេញតម្រូវការរបស់ភ្ញៀវឲ្យទទួលបានទាំងផាសុខភាព សុវត្ថិភាព និងភាពសប្បាយរីករាយ គឺថាពេលបានមកដល់ម្តងហើយចង់មកម្តងទៀត។

លោកសង្ឃឹមថា រមណីយដ្ឋានទើបបង្កើតថ្មីមួយនេះ នៅថ្ងៃខាងមុខ នាឱកាសឆ្លងឆ្នាំសកល បុណ្យចូលឆ្នាំចិនបុណ្យចូល ឆ្នាំប្រពៃណីខ្មែរ ឬថ្ងៃឈប់សម្រាកផ្សេងៗ ជាដើម កុំថាឡើយថ្ងៃបុណ្យទាន ថ្ងៃឈប់សម្រាក សូម្បីតែថ្ងៃចន្ទ-សុក្រធម្មតា ពិតជាមានភ្ញៀវទេសចរជាច្រើនជាបន្តបន្ទាប់ មកលេងកម្សាន្ត នៅរមណីយដ្ឋាននេះជាក់ជាមិនខានឡើយ។

មន្ត្រីគ្រប់គ្រង់សណ្ឋាគារ និងភ្ញៀវវទេសចរនៃមន្ទីរទេសចរណ៍ខេត្តកំពត បានឲ្យដឹងថា ទោះស្ថិតនៅក្នុងបរិបទនៃកូវីដ១៩ តែខេត្តកំពត ដែលជាខេត្តគោលដៅទេសចរណ៍ដ៏ពេញនិយម មិនបានរាំងស្ទះដល់សកម្មភាពអភិវឌ្ឍន៍នោះទេ ពិសេសវិស័យទេសចរណ៍តែម្តង។ ហើយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញសេវាស្នាក់នៅរបស់ខេត្តនេះ មានការប្រកួតប្រជែងខ្លាំង សណ្ឋាគារ បឹងហ្គាឡូ និងរីស៊តថ្មីៗជាច្រើន ត្រូវបានបង្កើតឡើង ដែលភ្ញៀវអាចកម្សាន្តផង និងស្នាក់នៅផង៕