(តាកែវ)៖ លោក លី សេរីសម្បត្តិ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ខេត្តតាកែវ បានថ្លែងឲ្យដឹងថា ទំនិញខូចគុណភាព ទំនិញក្លែងក្លាយ និងទំនិញដែលមានសារធាតុគីមី ប្រមាណជិត៣តោន ដែលមន្រ្តីរបស់លោកចុះពិនិត្យ និងដកហូតបាននៅតាមបណ្តាទីផ្សារនានាទូទាំងខេត្ត ក្នុងរយៈពេល៦ខែកន្លងទៅនេះ ត្រូវបានយកទៅដុតបំផ្លាញចោលនៅទីលានចាក់សំរាមនៅក្នុងភូមិស្នោ សង្កាត់រកាក្នុង នៅព្រឹកថ្ងៃច័ន្ទនេះ។

លោកប្រធាន ក.ប.ប ខេត្តតាកែវ បានថ្លែងបន្តថា ទំនិញដែលដុតបំផ្លាញចោលនេះ ភាគច្រើនជាប្រភេទទំនិញគ្រឿងកំប៉ុង ទឹកក្រូច ទឹកដោះគោ នំធុង និងស្រាបៀរជាដើម ដែលហួសកាលបរិច្ឆេទប្រើប្រាស់ និងមួយចំនួនទៀត មានផ្ទុកសារធាតុគីមី ក្នុងនោះក៏មានអាកុលក្លែងក្លាយផងដែរ ដែលទំនិញទាំងអស់នេះ ពិតជាមានផលប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរទៅដល់បងប្អូនប្រជាពលរដ្ឋនៅពេលពួកគាត់បានប្រើប្រាស់ ដូច្នោះក្នុងនាមមន្រ្តីជំនាញ សាខា ក.ប.បខេត្តតាកែវ យើងនឹងបន្តខិតខំចុះត្រួតពិនិត្យទំនិញទាំងអស់ ដែលដាក់លក់នៅតាមបណ្តាទីផ្សារនានាទូទាំងខេត្តតាកែវ ដើម្បីធានាសុវត្ថិភាពចំណីអាហារ ហើយមិនប៉ះពាល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋ។

នៅក្នុងឱកាសនេះលោក លី សេរីសម្បត្តិ បានអំពាវនាវទៅដល់បងប្អូនដែលជាក្រុមអាជីវករ លក់ដូរចំណីអាហារ ឬលក់គ្រឿងកំប៉ុង នៅទូទាំងខេត្តតាកែវ សូមមេត្តាលក់ដូរដោយភាពស្មោះត្រង់កុំដាក់បន្ថែមនូវសារធាតុគីមី ដើម្បីឱ្យទំនិញទាំងនោះមានសភាពល្អ ព្រោះវាពិតជាបង្កាគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកប្រើប្រាស់ ក្នុងនោះដែរក៏ត្រូវឧស្សាហ៍ពិនិត្យមើលដោយខ្លួនឯងនៅកាលបរិច្ឆេទប្រើប្រាស់ កុំដាក់លក់ទំនិញណាដែលគ្មានគុណភាព ដើម្បីធានានូវសុខមាលភាពសាធារណៈ៕