(កណ្ដាល)៖ លោក ហេង សុភារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលកណ្ដាល បានដឹកនាំប្រតិបត្តិការ ចុះពិនិត្យមើលរបាំងធ្នស់ចាប់ត្រីសហគមន៍ចំនួន៣ទីតាំង ក្នុងភូមិសាស្រ្តស្រុកកោះធំ និងស្រុកលើកដែក កាលពីចុងសប្ដាហ៍ទៅនេះ។

លោកបានបញ្ជាក់ថា កន្លងមកការបោះរបាំងធ្នស់របស់សហគមន៍ តែងតែប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ ប៉ុន្តែក្នុងរដូវនេសាទឆ្នាំ២០១៩-២០២០ គ្មានការបោះរបាំងធ្នួសនៅចំណុចអូរវែងជាប់ព្រំដែនវៀតណាម ដោយមិនដឹងមានមូលហេតុអ្វីទេ។

ប្រតិបត្តិការនេះ បានធ្វើឡើងដោយយោងតាមស្មារតីអង្គប្រជុំកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ដឹកនាំដោយអគ្គរដ្ឋបាលជល ផលនាយកដ្ឋានសហគមន៍នេសាទ នាយកដ្ឋានវិវាទ និងនីតិកម្ម ព្រមទាំងមន្ត្រីក្រោមឱវាទ ដោយសម្រេចជាគោលការណ៍ គឺជំរុញការបោះរបាំងធ្នស់ និងរត់ព្រួលច្រាំង តាមព្រំដែនឲ្យស្របនឹងអនុក្រឹត្យលេខ៣៥ និងទាន់ពេលវេលា ដើម្បីកុំឲ្យផលត្រីហូរធ្លាក់ចុះទៅប្រទេសជិតខាង និងបញ្ចាល់ទឹកកុំឲ្យស្រកលឿន ដើម្បីទុកឲ្យប្រជាពលរដ្ឋធ្វើស្រែប្រាំង និងដើម្បីធានាកុំឱ្យបាត់ផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងសហគមន៍។

លោកបានបញ្ជាក់ទៀតថា ការជំរុញឱ្យបោះរបាំងធ្នស់នេះ ក្នុងគោលបំណងដើម្បីពង្រឹងសហគមន៍នេសាទឡើងវិញ និងពង្រឹងឱ្យអនុវត្តត្រឹមត្រូវតាមច្បាប់ ស្ដីពីជលផល។ ជាក់ស្ដែងក្រុមសមត្ថកិច្ច បានចុះទៅពិនិត្យឃើញថា ដែននេសាទរបស់សហគមន៍ ស្ទើរតែគោករាក់អស់ហើយ សល់តែពោះព្រែកមួយចំនួន ក្រៅពីនោះសុទ្ធតែដីស្រែប្រាំង និងដីអនុផលកសិកម្មរបស់ប្រជាពលរដ្ឋ។

លោក ចាប ម៉េងលី ប្រធានសមាគមនេសាទការពារមច្ឆជាតិសណ្ដារក្អមសំណ បានបញ្ជាក់ថា ការធ្វើនេសាទដោយរបាំងធ្នស់ចាប់ត្រីក្នុងសហគមន៍នេះ មានចំនួន៣ទីតាំងរួមមាន៖

*ទី១៖ នៅចំណុចទួលស្ដី ក្នុងភូមិសាស្ត្រឃុំសណ្ដារ ស្រុកលើកដែក
*ទី២៖ នៅចំណុចព្រែកបាក់ទឹងបាធាយ ក្នុងភូមិសាស្ត្រឃុំព្រែកជ្រៃ ស្រុកកោះធំ និងទីតាំង
*ទី៣៖ នៅចំណុចអូរវែង ក្នុងភូមិសាស្ត្រក្អមសំណ ស្រុកលើកដែក ហើយចំពោះរបាំងធ្នួសចាប់ត្រីក្នុងសហគមន៍ទាំង៣ទីតាំងខាងលើនេះ ស្ថិតក្នុងការគ្រប់គ្រងរបស់សហគមន៍ មិនមានជួលរឺលក់បន្ដឲ្យអ្នកដ៏ទៃឡើយ គឺសម្រាប់តែប្រជាពលរដ្ឋក្នុងសហគមន៍តែប៉ុណ្ណោះ ហើយរាល់ផលត្រីទាំងអស់ ដែលប្រមូលបាន គឺលក់ជូនពលរដ្ឋក្នុងស្រុក ដោយមិនប្រកាន់ជាតិសាសន៍ណានោះទេ៕