(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ទទួលការងារផែនធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំកម្លាំងនគរបាលធ្វើពលកម្ម សម្អាតអនាម័យរៀបចំឈូសដី ស្រោចទឹកផ្កា និងថែទាំសួន ដើម្បីបរិស្ថានល្អ និងសោភ័ណភាពស្អាតជុំវិញស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

ការធ្វើពលកម្មនេះ ធ្វើឡើងក្រោយពីពិធីគោរពទង់ជាតិចប់ និងក្រោយស្រស់ស្រូបអាហារពេលព្រឹក ក្នុងគោលបំណងដើម្បីចំណងសាមគ្គីភាពជាកម្លាំង និងលើកកម្ពស់សុខមាលភាពកងកម្លាំងនគរបាល ដែលកំពុងបំពេញ ការងារប្រចាំថ្ងៃ។ ក្រៅពីនេះក៏ជាការលើកសោភ័ណភាព អនាម័យ បរិស្ថាន កន្លែងធ្វើការ និងសេចក្តីថ្លៃថ្នូររបស់នគរបាលជាតិ។

លោកឧត្តមសេនីយ៍ត្រី វង្ស វិត ក៏បានរំលឹកដល់កងកម្លាំងទាំងអស់ត្រូវរៀនរស់នៅ ធ្វើការជាមួយកូវីដ និងត្រូវថែសុខភាពឲ្យបានល្អ ហើយត្រូវបន្តអនុវត្តន៍គោលការណ៍សុខាភិបាលគឺ «៣កុំ និង៣ការពារ»៕