(កោះកុង)៖ កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ បានបន្តប្រគល់ជែលលាងដៃចំនួន ៦០០កេស (ស្មើនឹង១២,០០០ដប) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង អនុសាខាកាកបាទក្រហមកម្ពុជាទាំង ៧ក្រុង-ស្រុក ព្រមទាំងមន្ទីរពេទ្យបង្អែកខេត្ត និងសាលារៀនគោលដៅ នៅក្នុងខេត្តកោះកុង។

ពិធីប្រគល់បានធ្វើឡើង ក្រោមអធិបតីភាពលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា លោកស្រី មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង។

ក្នុងឱកាសនៃពិធីប្រគល់-ទទួលនោះ លោកស្រី ម៉ែន នារីសោភ័គ បាននាំការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាបានថ្លែងអំណរគុណ និងកោតសរសើរចំពោះជួរគណៈអភិបាល កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់នៃខេត្តកោះកុង ក៏ដូចជាគណៈកិត្តិយស គណៈកម្មាធិការ មន្ត្រី បុគ្គលិក យុវជន និងអ្នកស្ម័គ្រចិត្តទាំងអស់នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ជាពិសេសក្រុមគ្រូពេទ្យជួរមុខទាំងអស់ ដែលបានលះបង់យ៉ាងធំធេង ក្នុងការចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។

ទន្ទឹមនឹងនេះ លោកស្រី មិថុនា ភូថង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខភាព និងសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសការផ្តល់ជែលលាងដៃ នាពេលនេះពិតជាមានសារៈសំខាន់សម្រាប់មន្ត្រីតាមគោលដៅ ក្នុងការរួមចំណែកទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅតាមមូលដ្ឋាននានាឱ្យមានប្រសិទ្ធភាព។

ជែលលាងដៃ ដែលបានប្រគល់ជូនរួមមាន៖

១៖ អនុសាខាកាកបាទក្រហមកម្ពុជា ទាំង៧ក្រុងស្រុក ចំនួន ៥០កេស (ស្មើនឹង១០០០ដប)ដូចៗគ្នា
២៖ មន្ទីរពេទ្យខេត្តកោះកុង ចំនួន៣០កេស (ស្មើនឹង៦០០ដប)
៣៖ សាលាគោលដៅទាំង៥ក្នុងទីរួមខេត្តកោះកុង ចំនួន២៥កេស (ស្មើនឹង៥០០ដប) ជាមួយគ្នានោះមន្ទីរពេទ្យខេត្តកោះកុង ក៏បានទទួលថវិកាសមាជិកភាពចំនួន ៣,៤២០,០០០ រៀល ផងដែរ៕