(រតនគិរី)៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ខេត្តរតនគិរី បានរៀបចំពិធីប្រកាសតែងតាំងអនុប្រធាន និងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុមការងារចល័ត និងក្រុមការងារចុះជួយក្រុងស្រុក ក្រោមអធិបតីភាពលោក ជៀង អំ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី។

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានធ្វើរបាយការណ៍សង្ខេបស្តីពីលទ្ធផលរបស់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ដោយរបាយការណ៍បានលើកឡើងពីកិច្ចសហការយ៉ាងជិតស្និទ្ធ ពីអាជ្ញាធរខេត្តរតនគិរី ដោយបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងសមិទ្ធផលសេដ្ឋកិច្ច និងសង្គម ដោយខិតខំលើកកម្ពស់ការការអនុវត្ត គោលនយោបាយជាយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងពាក់ព័ន្ធ ដាក់ចេញប្រកបដោយការទទួលខុសត្រូវ ពិសេសការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ព្រមទាំងការអភិវឌ្ឍនៅមូលដ្ឋានក្នុងបរិការណ៍ នៃវិបត្តិជាសកលមេរោគកូវីដ-១៩ ដែលកំពុងរារាំងដល់កិច្ចដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ក្នុងន័យនេះ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បានផ្សាភ្ជាប់ជាមួយប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានសំដៅចូលរួមដោះ ស្រាយបញ្ហាប្រឈម សំណូមពរ និងគាំទ្រជំរុញការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ឱ្យកាន់តែមានប្រសិទ្ធភាព។

លោក ជៀង អំ ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី បានថ្លែងអំណរគុណ ដល់ក្រុមការងាររាជរដ្ឋាភិបាល ថ្នាក់ខេត្ត ក្រុងស្រុក និងអាជ្ញាធរខេត្ត ដែលដែលបានខិតខំបំពេញការងារ អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ដចតុកោណ នាពេលកន្លងមកសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ។

លោកថា «នេះបញ្ជាក់ឲ្យឃើញពីតួអង្គពាក់ព័ន្ធបានអនុវត្តយ៉ាងសកម្មនូវតួនាទី ភារកិច្ចដែលមានចែងនៅក្នុងសេចក្តីណែនាំ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្នុងនោះតួនាទី ភារកិច្ចស្នូល គឺការក្ដាប់សភាពការណ៍ បញ្ហាប្រឈម ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយនូវបញ្ហាការលំបាក និងការឆ្លើយតបតាមតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋមូលដ្ឋានឲ្យបានទាន់ពេលវេលា ស្របតាមគោលនយោបាយ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ជំរុញកិច្ចអភិវឌ្ឍន៍មូលដ្ឋាន សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល»

លោក ជៀង អំ បានជំរុញឲ្យក្រុមការងារខេត្តក្រុងស្រុក ត្រូវបន្តលើកកម្ពស់ការដឹកនាំសម្របសម្រួល ដើម្បីគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវាសាធារណៈសេវារដ្ឋបាល ការអភិវឌ្ឍមូលដ្ឋាន និងខិតខំដោះស្រាយ បញ្ហាប្រឈមសំណើ និងសំណូមពរនានានៅមូលដ្ឋាន, បន្តលើកកម្ពស់និងជំរុញដល់រដ្ឋបាលគ្រប់ថ្នាក់ ក្នុងការពង្រឹង ការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងការងារភូមិឃុំសង្កាត់ មានសុវត្ថិភាព និងការងារទប់ស្កាត់ជំងឺឆ្លងគ្រប់ប្រភេទ ដើម្បីធានាសន្តិសុខ សុវត្ថិភាព សុខុមាលភាព ជូនប្រជាពលរដ្ឋ និងបន្ដសហការរៀបចំ វេទិកាសាធារណៈនៅមូលដ្ឋាន ឱ្យបានទៀងទាត់ និងជាប់ជាប្រចាំក្រោយវិបត្តិកូវីដ-១៩ បានធូរស្រាល ដោយផ្តោតយកចិត្តទុកដាក់ ទៅលើការជួបជាមួយជនក្រីក្រ ជនងាយរងគ្រោះ និងប្រជាពលរដ្ឋដែលមិនទាន់បានចូលរួម ក្នុងវេទិកាសាធារណៈកន្លងមក ដើម្បីស្វែងយល់នូវបញ្ហា ប្រឈម សំណើ សំណូមពរ និងកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

សូមបញ្ជាក់ថា ក្នុងឱកាសនេះលោក ម៉ុម សារឿន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ត្រូវបានប្រកាសតែងតាំងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរីផងដែរ៕