(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យកងកម្លាំងនគរបាល កងកម្លាំងកងរាជអាវុធហត្ថ និងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹងសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្រោយពីរាជរដ្ឋាភិបាលបានប្រកាសដាក់ប្រទេសទាំងមូល ជាប្រក្រតីឡើងវិញ ពិសេសកងកម្លាំង និងអាជ្ញាធរ ត្រូវរក្សាឲ្យបាននូវសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ នៅក្នុងឱកាសពិធីបុណ្យណូអ៊ែល និងបុណ្យចូលឆ្នាំសកល ដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ។

ការជំរុញរបស់លោក ឃួង ស្រេង បានធ្វើឡើងនាល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈការបញ្ជូនរូបភាព និងសម្លេង (Video Conference) ជាមួយនឹងកងកម្លាំងទាំងពីរប្រភេទ មន្ទីរពាក់ព័ន្ធនិងអាជ្ញាធរខណ្ឌទាំង ១៤ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងថា «ថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន បានប្រកាសរួចហើយ ក្នុងការបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ និងបានបើកប្រទេសឱ្យដំណើរជាប្រក្រតីភាពឡើងវិញ។ ដូច្នេះរាល់សកម្មភាពនានា វានឹងកើតឡើងវិញទាំងបទល្មើសផ្សេង ទាំងល្បែងស៉ីសងគ្រប់ប្រភេទ ទាំងបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ»

លោកជំរុញឲ្យកម្លាំងមានសមត្ថកិច្ចទាំងពីរប្រភេទ និងអាជ្ញាធរខណ្ឌទាំងអស់ ត្រូវពង្រឹងឡើងវិញ ពិសេសបង្ក្រាបឲ្យបាននូវបទល្មើសផ្សេងៗ ដូចជាបទល្មើស លួច ឆក់ប្លន់ គ្រឿងញៀន និងល្បែងស៉ីសងជាដើម ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ។

លោកបន្តថា ពាក់ព័ន្ធនិងបុណ្យចូលឆ្នាំសកល ដែលនឹងឈានចូលមកដល់ នាពេលដ៏ខ្លីខាងមុខនេះ អាជ្ញាធរខណ្ឌ ក៏ដូចជាមន្ទីរសាធារណការរាជធានីភ្នំពេញ ត្រូវរាយការណ៍ពីគោលដៅកកស្ទះ នៅក្នុងមូលដ្ឋានរបស់ខ្លួន។ បើដោះមិនចេញ ត្រូវរាយការណ៍មកអាជ្ញាធររាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នេះ។ ពិធីបុណ្យចូលឆ្នាំសកលនេះ ប្រជាពលរដ្ឋ និងសម្រុកចាកចេញពីលំនៅដ្ឋាន ដើម្បីឆ្លងឆ្នាំ ដែលវានឹងធ្វើឲ្យតំបន់ប្រឈមមួយចំនួន មានការកកស្ទះចរាចរ។

«ដូច្នេះក្នុងនាមយើងជាអាជ្ញាធរ កម្លាំងមានសមត្ថកិច្ច ត្រូវសម្រួលសារាចរណ៍ ជូនបងប្អូនប្រជាពរដ្ឋ ដើម្បីឲ្យពួកគាត់បានសប្បាយរីករាយ នៅក្នុងពិធីបុណ្យឆ្លងឆ្នាំនេះ»។ លោកអភិបាលរាជធានីភ្នំពេញ គូសបញ្ជាក់។

ក្នុងឱកាសនោះដែរ លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានឲ្យដឹងដែរថា នៅក្នុងឱកាសបុណ្យចូលឆ្នាំសកលឆ្នាំនេះ សមត្ថកិច្ចរបស់លោក នឹងប្រើប្រាស់កម្លាំងចំនួន ១១៦៥នាក់ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ បានសប្បាយក្អាកក្អាយ។

លោក ស ថេត ក៏បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងផងដែរ ចំពោះ លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ដោយលោកតែងបានចុះផ្ទាល់លើការត្រួតពិនិត្យកងកម្លាំង ដែលត្រូវប្រចាំនៅតាមគោលដៅនានា នៅក្នុងរាជធានីភ្នំពេញ ដែលនេះបង្ហាញឲ្យឃើញពីភាពខ្លាំង នៃការដឹកនាំរបស់ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ៕