(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឲ្យដឹងថា ក្រោយមានការអំពាវនាវរបស់ក្រសួងពាណិជ្ជកម្ម បានធ្វើឲ្យអ្នករកស៊ីអនឡាញ មានចំនួនច្រើន មកស្នើសុំចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ លោក ប៉ែន សុវិជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងសង្កេតឃើញថា មានការកើនឡើង ចំពោះអ្នក ដែលមកស្នើសុំចុះបញ្ជី, អ្នកមកស្នើសុំអាជ្ញាបណ្ណ និងអ្នកមកពិគ្រោះយោបល់សាកសួរអំពីការចុះបញ្ជី»។

លោក ប៉ែន សុវិជាតិ បានលើកឡើងថា ក្រោយពីមានការអំពាវនាវឲ្យមានការចុះបញ្ជីសុំអាជ្ញាបណ្ណ ការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ឃើញបងប្អូនអ្នករកស៊ីអនឡាញ មានការយល់ដឹងច្រើន ក្នុងការមកចុះបញ្ជី។

ការយល់ដឹងច្រើននេះ នឹងធ្វើឲ្យក្រសួងមានសង្ឃឹមថា មុនរយៈពេលនៃការចុះបញ្ជីដល់ថ្ងៃកំណត់ នឹងមានចំនួនច្រើនទៀត មកធ្វើការចុះបញ្ជី ហើយប្រហែលជាមិនមាននរណាទទួលរងនូវការផាកពិន័យនោះទេ។

លោកបានឲ្យដឹងថា ក្រសួងពាណិជ្ជកម្ម នឹងផាកពិន័យធ្ងន់ធ្ងរ លើអ្នករកស៊ីអនឡាញ ដែលមិនមកដាក់ពាក្យស្នើសុំ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ខណៈការចុះបញ្ជីនឹងផុតត្រឹមថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ក្រោយក្រសួងបានសម្រេចពន្យារពេល។

លោក ប៉ែន សុវិជាតិ បានថ្លែងបែបនេះថា «ការផាកពិន័យ គឺជាការផាកពិន័យធ្ងន់ធ្ងរមួយ យើងមិនអាចអនុញ្ញាតឲ្យមានអ្នករកស៊ី ដោយមិនគោរពច្បាប់នោះទេ ពីព្រោះអ្នកទាំងអស់គ្នា មានកាតព្វកិច្ចនៅក្រោមច្បាប់»

លោកថា ពាណិជ្ជករដែលរកស៊ីអនឡាញ គួរតែមកចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ដោយមិនមែនសម្ងំលក់នៅលើ Facebook ដោយអត់បង់ពន្ធជូនរដ្ឋ, គ្មានទំនួលខុសត្រូវ និងកំណត់សម្គាល់ នៃការធ្វើអាជីវកម្មរបស់ខ្លួន ជារៀងរហូតនោះទេ។

គិតរហូតមកដល់ពេលនេះ មានក្រុមហ៊ុនដែលរកស៊ីអនឡាញធំៗ បានមកដល់ធ្វើការចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មរួចរាល់ហើយ។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលប្រកបអាជីវកម្មអនឡាញ មកធ្វើការចុះបញ្ជី ឬក៏ស្នើសុំអាជ្ញាបណ្ណ៖

* ទីមួយ៖ ដើម្បីប្រយោជន៍ ក្នុងការជំរុញឲ្យការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ក្លាយទៅជាការធ្វើពាណិជ្ជកម្មមួយ ដែលមានលក្ខណៈរៀបរយ ជាការធ្វើពាណិជ្ជកម្ម មានច្បាប់ទម្លាប់ត្រឹមត្រូវ ហើយអាចប្រមូលពន្ធជូនដល់ចំណូលរដ្ឋ

* ទីពីរ៖ ការជំរុញបែបនេះ គឺចង់ឲ្យការការពារអ្នកប្រើប្រាស់ ដែលជាហានិភ័យមួយ ប្រសិនជាយើងធ្វើអាជីវក ម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលអត់មានស្គាល់អ្នកណា មានទីតាំងនៅកន្លែងណា, អ្នកណាជាអ្នកលក់ -ល- វាអាចប៉ះពាល់ដល់សិទ្ធិអ្នកប្រើប្រាស់, បញ្ហាទំនិញ និងតម្លៃ ដែលពិបាកនឹងជួយដោះស្រាយ។

គូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្តីពី ការពន្យាពេលការផាកពិន័យ ចំពោះការដាក់ពាក្យស្នើសុំ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២។

ការពន្យារពេលនេះ ដោយក្រសួងពាណិជ្ជកម្ម សង្កេតឃើញថា សហគ្រាស-ក្រុមហ៊ុន ដែលបាន និងកំពុងធ្វើប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកមួយចំនួន កំពុងរៀបចំឯកសារ ដើម្បីធ្វើការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

ចំពោះពាក្យស្នើសុំ បែបបទ លក្ខខណ្ឌ និងឯកសារតម្រូវផ្សេងៗ អាចទាញយកបានតាមរយៈគេហទំព័រ www.ecommercelicensing.moc.gov.kh ឬគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម www.moc.gov.kh។

បុគ្គលស្នើសុំអាចដាក់ពាក្យស្នើសុំដោយផ្ទាល់ នៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ឬតាមរយៈគេហទំព័រ www.ecommercelicensing.moc.gov.kh៕