(បន្ទាយមានជ័យ)៖ បន្ទាប់ពីបញ្ចប់នៅកិច្ចប្រជុំ ស្ដីពីការផ្សព្វផ្សាយគម្រោងសាងសង់ស្ថានីយជញ្ជីងថ្លឹងយានយន្តអចល័តទាំង២កន្លែងជូនប្រជាពលរដ្ឋ ដែលបានប៉ះពាល់ក្នុងរយៈពេលមួយព្រឹករួចមក នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ លោក ថុក សម្បត្តិ ប្រធានក្រុមកាងារអន្តរក្រសួងដោះស្រាយផលប៉ះពាល់ និងលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក កែវ តារ៉ារស្មី អភិបាលរងក្រុងប៉ោយប៉ែត បានបន្តដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះវាស់វែងក្បាលដីដែលប៉ះពាល់ជាមួយគម្រោងនេះ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

លោក លី សារី បានលើកឡើងថា បន្ទាប់ពីពិភាក្សាជជែកគ្នារវាងក្រុមការងារ និងអ្នកពាក់ព័ន្ធទំនាស់ បានធ្វើឲ្យក្រុមការងារទទួលបានធាតុចូលថ្មីៗបន្ថែមទៀតដែលជាលទ្ធផលល្អ សម្រាប់ជាជំនួយដល់យន្តការ ឈានទៅរកការដោះស្រាយបញ្ហានេះផងដែរ។

ជាមួយគ្នានេះ លោក លី សារី បានបញ្ជាក់ថា សម្រាប់លទ្ធផល នៃកិច្ចប្រជុំ និងសកម្មភាពចុះវាស់វែងជាក់ស្តែងក្រុមការងារទទួលបាន៖

*ទី១៖ បងប្អូនប្រជាពលរដ្ឋដែលមានផលប៉ះពាល់ដីធ្លី លើទីតាំងសង់ស្ថានីយចំនួន០២កន្លែង ក្នុងភូមិសាស្ត្រសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត បានឯកភាពចូលរួមអោយក្រុមការងារ ចុះវាស់វែងលម្លិតក្បាលដីជាក់ស្តែងនីមួយៗ។
*ទី២៖ បានបកស្រាយ និងពន្យល់ពីក្រុមការងារថ្នាក់ជាតិ និងខេត្តរាល់ចម្ងល់ពីបងប្អូនប្រជាពលរដ្ឋដែលបានចោទសួរ ក្នុងអង្គប្រជុំ។
*ទី៣៖ ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបានអនុវត្តតាមនីតិវិធី ទទួលបានជោគជ័យ១០០% និងមិនមានអំពើហិង្សា ពេលអនុវត្តលើទីតាំងដីជាក់ស្តែង។
*ទី៤៖ ក្រុមការងារនឹងអនុវត្តបន្តតាមនីតិវិធី និងធ្វើការផ្សាព្វផ្សាយ ដោយមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលមានផលប៉ះពាល់គម្រោងអោយបានទូលំទូលាយ៕