(កណ្ដាល)៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញប្រកាសតែងតាំងស្នងការរងចំនួន២រូប គឺលោកវរសេនីយ៍ឯក ឆេង សំអឿន ត្រូវបានតម្លើងពីនាយការិយាល័ចរាចរណ៍ ទៅជាស្នងការរងនគរបាលខេត្តកណ្ដាល និងលោកវរសេនីយ៍ឯក ឡាក់ ម៉េងធី ពីនាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ឡើងជាស្នងការរងនគរបាលខេត្តកណ្ដាល។

ពិធីប្រកាសតែងតាំងនេះ មានការចូលរួមពីលោក លោកស្រីស្នងការរង នាយការិយាល័យ អធិការនគរបាលគ្រប់ស្រុក-ក្រុង លោកមេបញ្ជាការ វរសេនាតូចលេខ៦០៥ និងលោកប្រធានប៉ុស្តិ៍អន្តរជាតិជ្រៃធំ ព្រមទាំងមន្រ្តីនគរបាលពាក់ព័ន្ធមួយចំនួនផងដែរ។

តាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ លោកវរសេនីយ៍ទោ អៀង ធារី ជានាយរងការិយាល័យចរាចរណ៍ផ្លូវគោក ត្រូវតែងតាំងជានាយការិយាល័យចរាចរណ៍ និងលោកវរសេនីយ៍ត្រី អេង ហាក់កាវ ជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ត្រូវបានតែងតាំងជានាយការិយាល័យ។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានជំរុញឱ្យមន្ត្រីនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ចូលរួមពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្មេងទំនើង និងអនុវត្តឱ្យបាននូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។

លោកស្នងការនគរបាលខេត្តកណ្ដាល បានផ្ដាំផ្ញើឱ្យពង្រឹងសាមគ្គីភាពផ្ទៃ ក្នុងសហការជាមួយកម្លាំងនៅមូលដ្ឋានឱ្យបានល្អប្រសើរ។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបញ្ជាក់ថា ទោះបីជាព្រឹត្តិការណ៍២០កុម្ភៈ ត្រូវបានបិទបញ្ចប់ ប៉ុន្តែយើងនៅតែបន្តចូលរួមថែរក្សាការពារសុខភាព ដោយបន្តអនុវត្តនូវវិធានការសុខាភិបាលនានាឱ្យបានខ្ជាប់ខ្ជួន ជាពិសេសប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ «៣កុំ និង៣ការពារ»៕