(ភ្នំពេញ)៖ នៅវេលាម៉ោងជិត៤រសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ លោក ង្វៀង ស៊ួនហ្វុក ប្រធានាធិបតីវៀតណាម បានបន្តចូលជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បន្ទាប់ពីបានដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ។

ប្រធានាធិបតីវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់ប្រទេសកម្ពុជា នៅម៉ោង៨៖៣០នាទី ព្រឹកថ្ងៃអង្គារនេះ។នៅព្រឹកមិញនេះ បន្ទាប់ពីបានមកដល់កម្ពុជា លោក ង្វៀន សួនហ៊្វុក បានចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ហើយបន្តចូលគាល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតផងដែរ។

បន្ទាប់ពីចូលគាល់ព្រះមហាក្សត្រ លោកប្រធានាធិបតីវៀតណាម បានមានជំនួបកំពូលជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយបន្ទាប់ពីបញ្ចប់ជំនួបនោះ សម្តេចតេជោ ហ៊ុន សែន និង លោកប្រធានាធិបតីវៀតណាម ក៏បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៧ រវាងកម្ពុជា-វៀតណាមផងដែរ។

នៅល្ងាចនេះ បន្ទាប់ពីចូលជួបប្រធានរដ្ឋសភាកម្ពុជា លោក ង្វៀន សួនហ៊្វុក នឹងមានជំនួបជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាផងដែរ ហើយបន្ទាប់ពីនោះលោកប្រធានរដ្ឋ នឹងអញ្ជើញធ្វើជាអធិបតីជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អាគាររដ្ឋបាលថ្មីនៅក្នុងវិមានរដ្ឋសភា និងជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួនផងដែរ៕