(សៀមរាប)៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ អាជ្ញាធរខេត្តបានរៀបចំពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ប្រជាជនកម្ពុជាទូទាំងប្រទេស ជាពិសេសប្រជាជនដែលរស់នៅក្នុងខេត្តសៀមរាប។ ពិធីបួងសួងនេះ បានប្រព្រឹត្តិទៅស្ថិតនៅបរិវេណប្រាសាទអង្គរវត្ត នៅព្រះអង្គគោកធ្លក និងព្រះអង្គងោក និងព្រះអង្គចេក ព្រះអង្គចម ក្រោមអធិបតីភាពលោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្តី្ររាជការ មកពីស្ថាប័នពាក់ព័ន្ធនានា និងអង្គភាពជុំវិញខេត្តចូលរួមផងដែរ។

លោក ទៀ សីហា អភិបាលខេត្តសៀមរាប និង លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានបូជាថ្វាយទៀនធូបផ្កាភ្ញី និងបួងសួងដល់វត្ថុស័ក្តិសិទ្ធគ្រប់ទិសទីនៅក្នុងតំបន់សម្បត្តិបិតិកភ័ណ្ឌជាតិ ដែលដូនតាបានបន្សល់ទុកឲ្យកូនជំនាន់ក្រោយថែរក្សាទៅតាមទំនៀមទំលាប់បែបសាសនា។ ក្នុងនោះ ក៏មានកម្មវីធីសូត្រមន្តចម្រើនព្រះបរិត្តស្វាធាយធម៍ប្រោះព្រំសុំសិរីសួស្តីជ័យមង្គលវិមុលសុខគ្រប់ប្រការ ដល់ប្រជាពលរដ្ឋទូទាំងប្រទេស នឹងប្រគេននៅទេយ្យទានចំពោះព្រះសង្ឃផងដែរ។

ពិធីបួងសួងនេះ ក្នុងគោលបំណងដើម្បីឲ្យប្រជាជនកម្ពុជាទូទាំងប្រទេស ក៏ដូចជាប្រជាជនដែលរស់នៅក្នុងខេត្តសៀមរាប ចាប់ពីពេលនេះតទៅ ខេត្តសៀមរាបអាចនឹងវិលត្រឡប់ទៅរកសភាពដើមវិញ ហើយខេត្តសៀមរាប ក៏ជាខេត្តមួយដែលកំពុងតែកែប្រែមុខមាត់ថ្មី ស្របពេលដែលជំងឺកូវីដ-១៩ បានស្ងប់ស្ងាត់។ ការប្រារព្ធពិធីនេះឡើងបាន ដោយសារតែប្រទេសកម្ពុជា គោរព និងប្រណិបត្តិនូវព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋដើម្បីថែរក្សាការពារវិស័យព្រះពុទ្ធសាសនា ឱ្យកាន់តែមានភាពរុងរឿងនឹងរីកចំរើនជាដរាប។

គួររំលឹកផងដែរ កម្មវិធីបូងសួងនេះ នៅក្នុងទឹកដីដ៏មហស្ចារ្យនៃខេត្តសៀមរាប មិនមែនទើបតែធ្វើនោះឡើយ គឺមានតាំងពីយូរលង់ណាស់មកហើយ ជាក់ស្តែងកាលពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ ក៏មានពិធីបួងសួងបែបនេះដែរក្នុងព្រឹត្តិការណ៍រំលឹកគុណអង្គរ គឺក្នុងគោលបំណង់ចង់ឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅប្រកបដោយសន្តិសុខ សុវត្ថិភាព និងសុខុមាលភាព សំបូរសប្បាយកូនចៅរកស៊ីមានបានជាដើម៕