(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសអំពីលទ្ធផលនៃកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នេះបើយោងតាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។

នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអញ្ជើញធ្វើជាសហប្រធានជាមួយ លោក ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេសវៀតណាម ដឹកនាំកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា (19th JC) តាមប្រព័ន្ធវីដេអូ។

អំឡុងពេលនៃកិច្ចប្រជុំលើកទី១៩ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី រដ្ឋមន្រ្តីទាំងពីរ បានបង្ហាញការពេញចិត្តថា ថ្វីត្បិតតែមានការវិវត្តដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ១៩ កម្ពុជា និងវៀតណាមនៅតែរក្សាបាននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ និងគ្រប់កម្រិត។

ការបើកកិច្ចប្រជុំលើកទី១៩ នៃគណៈកម្មការចម្រុះ ក្នុងអំឡុងពេលស្ថានភាពដ៏លំបាកនេះ បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសទាំងពីរដើម្បីលើកកម្ពស់ និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការដែលមានស្រាប់ តាមស្មារតីមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ ទំនាក់ទំនងយូរអង្វែង និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ភាគីទាំងពីរក៏បានទស្សនៈរួមគ្នាថា ឆ្នាំ២០២២ នឹងក្លាយជាព្រឹត្តិការណ៍សំខាន់មួយទៀតក្នុងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងវៀតណាម ខណៈដែលប្រទេសទាំងពីរនឹងរំលឹក ខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងបានព្រមព្រៀងគ្នាប្រសិទ្ធនាមឆ្នាំ២០២២ថាជា «ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម»។