(ភ្នំពេញ)៖ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋថ្ងៃទី២នៅកម្ពុជា នាព្រឹកថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានរៀបចំពិធីទទួលទានអាហារពេលព្រឹកការងារជូនលោក ង្វៀន សួនហ៊្វុក ប្រមុខរដ្ឋរបស់វៀតណាម។

ក្នុងពីធីទទួលទានអាហារការងារនេះ មានវត្តមានកូនប្រុសទាំងបីរបស់សម្តេចតេជោ ហ៊ុន សែន គឺលោកបណ្ឌិត ហ៊ុន ម៉ាណែត, លោក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី ចូលរួមផងដែរ

ក្នុងជំនួបអាហារពេលព្រឹក ដែលធ្វើឡើងនៅភូមិគ្រឹះក្នុងក្រុងតាខ្មៅ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍សំដែងនូវការស្វាគមន៍យ៉ាងសិទ្ធស្នាលរ៉ាក់ទាក់បំផុត ជូនចំពោះប្រធានរដ្ឋវៀតណាម ដែលបានផ្តល់នូវកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត អញ្ជើញទទួលទានអាហារការងារពេលព្រឹកនៅភូមិគ្រឹះរបស់សម្តេច។

នៅក្នុងពិធីទទួលទានអាហារពេលព្រឹកជាលក្ខណៈគ្រួសារដែលបានចំណាយពេលប្រមាណ ១ម៉ោង សម្តេចតេជោ ហ៊ុន សែន និងប្រធានរដ្ឋវៀតណាម បានធ្វើការផ្តាល់ប្តូរយោលបល់ពីគ្នាទៅវិញទៅមកជុំវិញការងារមួយចំនួន ដែលសម្តេច និងប្រធានរដ្ឋវៀតណាម ធ្លាប់បានធ្វើជាមួយគ្នា ក្នុងនាមជាប្រមុខរដ្ឋាភិបាល។ ក្នុងនោះការជួបជុំជាលក្ខណៈគ្រួសារ និងការដោះស្រាយបញ្ហាធំៗជាច្រើន ដែលបម្រើផលប្រយោជន៍ឱ្យប្រទេស និងប្រជាជន នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ជាពិសេសការខិតខំជំរុញកំណើនសេដ្ឋកិច្ច នៃប្រទេសទាំងពីរឲ្យកាន់តែមានទំហំឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។

សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោកប្រធានរដ្ឋវៀតណាម បានសំដែងនូវការវាយតម្លៃខ្ពស់សាជាថ្មីម្តងទៀត ចំពោះលទ្ធផលនៃដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់លោក ង្វៀន សួនហ៊្វុក មកកាន់ប្រទេសកម្ពុជា បន្ទាប់ពីលោកត្រូវបានជ្រើសតាំងជាប្រធានរដ្ឋវៀតណាម កាលពីពេលថ្មីកន្លងទៅ។

ក្នុងជំនួបនោះដែរ លោក ង្វៀន សួនហ្វុក បានសាទរចំពោះសមិទ្ធផលជាប្រវត្តិសាស្ត្រនិងសំខាន់ៗ ដែលកម្ពុជា និងប្រជាជនកម្ពុជា សម្រេចបាន។ ជាពិសេសការអភិវឌ្ឍជាតិ ស្ថិរភាពនយោបាយសង្គម លើកកម្ពស់តួនាទី និងមុខមាត់របស់ប្រទេសកម្ពុជា នៅក្នុងតំបន់និងនៅលើឆាកអន្តរជាតិ។ ជាមួយនោះដែរ ភាគីទាំងពីរ បានសំដែងនូវការពេញចិត្ត ចំពោះការរីកចំរើនទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយគ្រប់ជ្រុងជ្រោយ និងជិតស្និទ្ធ នឹងកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម ក្នុងរយៈពេល ៥៥ឆ្នាំកន្លងមក ទោះបីជាស្ថិតនៅក្នុងបរិបទការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ។

ភាគីទាំងពីរក៏បានអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ និងបានឯកភាពគ្នាជំរុញការអនុវត្តកិច្ចព្រមព្រៀងស្ដីពីការលើកកម្ពស់ និងការការពារវិនិយោគ និងកិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នា និងជួយសម្រួលដល់ការអភិវឌ្ឍន៍ពាណិជ្ជកម្ម តាមបែបថ្មី និងបានព្រមព្រៀងគ្នា ជំរុញការរៀបចំផែនការមេ ស្តីពីការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម។

ភាគទីទាំងពីរ ក៏បានឯកភាព ក្នុងការពន្លឿនការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីពាណិជ្ជកម្មតាមព្រំដែន និងបានឯកភាពគ្នាថែមទៀត ក្នុងការពន្លឿនកិច្ចពិភាក្សា ឆ្ពោះទៅកាន់ការទទួលស្គាល់គ្នាទៅវិញទៅមកលើលិខិតឆ្លងដែន វិញ្ញាបនបត្របញ្ជាក់វ៉ាក់សាំង ដើម្បីសម្រួលលើការធ្វើដំណើររបស់ប្រជាជនទាំងសងខាងផង សម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រជាជន និងប្រទេសទាំងពីរផង។ លើសពីនោះទៀត ភាគីទាំងពីរ ក៏បានឯកភាពក្នុងការជំរុញ និងពង្រឹងលើកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ វិស័យសុខាភិបាល វិស័យអប់រំ វិស័យយុត្តិធម៌ និងការតភ្ជាប់គ្នារវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការនៅលើឆាកអន្តរជាតិ និងក្នុងតំបន់។

នៅក្នុងជំនួបនេះ សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះលោក ង្វៀន សួនហ្វុក ដែលកន្លងមកបានគាំទ្រដល់កម្ពុជា ធ្វើឲ្យកម្ពុជាទទួលបានជោគជ័យក្នុងកិច្ចប្រជុំអាស៊ឹម ហើយក៏សូមថ្លែងអំណរគុណជូនចំពោះលោក ង្វៀន សួនហ្វុក ដែលបានមានប្រសាសន៍ថា នឹងគាំទ្រកម្ពុជា ធ្វើយ៉ាងណាឱ្យកម្ពុជា ទទួលបានជោគជ័យក្នុងកិច្ចប្រជុំអាស៊ាននាពេលខាងមុខ ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន៕