(ភ្នំពេញ)៖ រាជរដ្ឋាភិបាលនឹងបន្តអនុវត្តនូវ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រាប់រយៈពេល ៩ខែទៀត, រហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២២ ខាងមុខ។ នេះបើតាមបញ្ជាក់ឲ្យដឹងពីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងពិធីផ្សព្វផ្សាយដាក់ឲ្យអនុវត្តជាផ្លូវការនូវ «ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតី ភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣» តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា «ដើម្បីបន្តជួយសម្រាល បន្ទុកជីវភាពរស់នៅរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ, រាជរដ្ឋាភិបាលនឹងបន្តអនុវត្តនូវ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រាប់រយៈពេល៩ខែទៀត, រហូតដល់ដំណាច់ខែ កញ្ញា ឆ្នាំ២០២២ ខាងមុខ»

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបន្ថែមទៀតថា រាជរដ្ឋាភិបាល នឹងបន្តផ្តល់ការ-អនុគ្រោះផ្នែកពន្ធ, ដូចដែលបានដាក់ចេញ នៅក្នុងវិធានការអន្តរាគមន៍ទាំង១០ជុំកន្លងមក ,សម្រាប់ឆមាសទី១ នៃឆ្នាំ ២០២២ ដល់ប្រតិបត្តិករនៅក្នុងវិស័យទេសចរណ៍ និងវិស័យអាកាសចរណ៍ ដែលបានរងផលប៉ះពាល់ដោយសារវិបត្តិ នៃជំងឺកូវីដ-១៩ ដើម្បីផ្តល់ការគាំទ្របន្ថែម ដល់ធុរជនពាក់ព័ន្ធ ក្នុងការកែលម្អ និង ត្រៀមខ្លួនទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បន្ទាប់ពីកម្ពុជា ត្រូវបានបើកពេញលេញឡើងវិញ ចាប់ពីថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ២០២១មក។

អគ្គបណ្ឌិតសភាចារ្យបានបន្ថែមទៀតថា រាជរដ្ឋាភិបាលក៏បានត្រៀមថវិកាប្រមាណ ២៥០ លានដុល្លារអាមេរិក នៅឆ្នាំ២០២២ សម្រាប់ការផ្តល់ឥណទាន ដោយត្រង់ពីធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) និង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយកំណត់អត្រាការប្រាក់ ដែលមានលក្ខណៈប្រកួតប្រជែង, ក្នុងរង្វង់ពី៥% ទៅ ៥.៥% ប៉ុណ្ណោះ, សម្រាប់វិស័យអាទិ-ភាពសំខាន់ៗ រួមមាន ៖ វិស័យកសិកម្ម, វិស័យអេកូទេសចរណ៍ និង វិស័យអាទិភាពមួយចំនួនទៀត។

ជាមួយគ្នានេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា រាជរដ្ឋាភិបាលដាក់ក្តីរំពឹងយ៉ាងមុតមាំថា បណ្តាវិធានការគោលនយោបាយជាក់លាក់ នៅតាមសសរស្តម្ភទាំង ៣ ដូចមានចែងក្នុងឯកសារ «ក្របខណ្ឌយុទ្ធសាស្រ្ត និង កម្មវិធី» នេះរួមមាន៖ ការស្តារឡើងវិញ (Recovery), ការកែទម្រង់ (Reform), និង ការកសាងភាពធន់ (Resilience), នឹងមិនត្រឹមតែជួយជំរុញសេដ្ឋកិច្ចកម្ពុជា ឲ្យត្រឡប់មកស្ថិត លើមាគ៌ានៃកំណើនប្រកបដោយភាពរឹងមាំ, ចីរភាព និងបរិយាប័ន្នប៉ុណ្ណោះទេ តែក៏នឹងជំរុញដល់ការ-កែប្រែនិម្មាបនកម្មសេដ្ឋកិច្ចកម្ពុជា ថែមទៀតផងដែរ ពិសេសគឺការបង្កើនពិពិធកម្មសេដ្ឋកិច្ច និង ភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីស្រវាចាប់យកទាន់ពេលនូវកាលានុវត្តភាពថ្មីៗដែលកំពុងលេចឡើង ស្របតាមនិន្នាការតំបន់ និងសកល៕