(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា កម្លាំងសេវាសង្គមដែលមានអភិវឌ្ឍល្អ គឺជាគន្លឹះសក្នុងការលើកកម្ពស់យុត្តិធម៌សង្គម កាត់បន្ថយការរើសអើង ការប្រឆាំង និងការផ្លាស់ប្ដូរឥរិយាបទទាំងឡាយណាដែលមានគ្រោះថ្នាក់ ក្នុងការការពារនិងឆ្លើយតប ចំពោះអំពើហិង្សា ការរំលោភបំពាន ការមិនយកចិត្តទុកដាក់លើកុមារ និងការកេងប្រវ័ញ្ចគ្រប់ទម្រង់លើមនុស្សជាតិ និងការបែកបាក់គ្រួសារ ដើម្បីសម្រេចបានសង្គមមួយដែលមានលក្ខណៈបរិយាប័ន្នសម្រាប់មនុស្សជាតិ ពិសេសក្រុមងាយរងគ្រោះ។

ការលើកឡើងរបស់លោក វង សូត បានធ្វើឡើងខណៈលោកអញ្ជើញចូលរួមនៅក្នុងពិធីប្រកាសផ្សព្វផ្សាយសៀវភៅ «ផែនការយុទ្ធសាស្រ្តសម្រាប់បណ្ដុះបណ្ដាលកម្លាំងសេវាសង្គមផ្តោតលើកិច្ចការពារកុមារ ២០២១-២០២៥» រៀបចំធ្វើនាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ នាទីស្តីការក្រសួងសង្គមកិច្ច។

លោករដ្ឋមន្រ្តី បានបន្ថែមថា ការដាក់ចេញផែនការយុទ្ធសាស្រ្តនេះ គឺគោលបំណងសំខាន់ ដើម្បីបណ្ដុះបណ្ដាលកម្លាំងសេវាសង្គម ឱ្យមានចំណេះដឹងវិជ្ជាជីវៈ សមស្របទៅតាមតម្រូវការសង្គម។

ជុំវិញការដាក់ចេញ «ផែនការយុទ្ធសាស្រ្តសម្រាប់បណ្ដុះបណ្ដាលកម្លាំងសេវាសង្គមផ្តោតលើកិច្ចការពារកុមារ ២០២១-២០២៥» លោក សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច បានលើកឡើងថា កម្លាំងសេវាសង្គមសព្វថ្ងៃ គឺនៅមានភាពខ្វះខាតនៅឡើយ គឺមានត្រឹមប្រមាណជាង១០០០នាក់ប៉ុនណ្ណោះ។ ចំណុចនេះមានន័យថា កម្លាំងសេវាសង្គមម្នាក់ត្រូវធ្វើការដោះស្រាយជូនពលរដ្ឋចំនួន១ម៉ឺននាក់។

លោកបន្តថា កត្តាខ្វះខាតកម្លាំងសេវាសង្គមនេះ ទើបមានការដាក់ចេញឱ្យមានផែនការយុទ្ធសាស្រ្តនេះ ដើម្បីបណ្ដុះបណ្ដាល កម្លាំងសេវាសង្គម ទាំងអ្នកអាជីព អាជីពរង ឱ្យមានជំនាញវិជ្ជាជីវៈត្រឹមត្រូវ ក្នុងការដោះស្រាយបញ្ហាជូនពលរដ្ឋ។

ក្នុងឱកាសដាក់ប្រកាសពិធីដដែលនេះ លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិការប្រចាំប្រទេសនៃអង្គការ UNICEF ប្រចាំកម្ពុជា ក៏បានកោតសសើរចំពោះក្រសួងសង្គមកិច្ច ក្នុងកិច្ចប្រឹងប្រែងដាក់ចេញឱ្យមានផែនការយុទ្ធសាស្រ្តនេះ។

លោកស្រីបន្តថា ការវិនិយោគលើ កម្លាំងសេវាសង្គមនេះ គឺជាកិច្ចការចាំបាច់មួយ ជាពិសេសក្នុងកាលទេសៈដែល កម្ពុជាកំពុងខ្វះកម្លាំងសេវាសង្គមជាច្រើន។ លោកស្រីបន្តថា កម្លាំងសេវាសង្គមនឹងដើរតួនាទីសំខាន់ ក្នុងការការពារកុមារ និងការងារជាច្រើនដើម្បីផ្ដល់អត្ថប្រយោជន៍ជូនកុមារ៕