(ភ្នំពេញ)៖ ថ្នាក់ដឹកនាំកំពូលកម្ពុជា-វៀតណាម បានបង្ហាញការគាំទ្រ អាស៊ាន និងចិន ក្នុងការរៀបចំរាល់សកម្មភាពដែលអត្ថន័យ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២០ នៃការចុះហត្ថលេខាលើ DOC។ នេះបើតាមសេចក្តីថ្លែងការណ៍រួម រវាងកម្ពុជា និងវៀតណាម ក្នុងឱកាសទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋវៀតណាម មកកាន់កម្ពុជា។

ការបង្ហាញការគាំទ្រនេះ បានធ្វើឡើងនៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោកង្វៀន សួនហ៊្វុក ប្រធានរដ្ឋវៀតណាម មកកាន់កម្ពុជារយៈពេល២ថ្ងៃ នាថ្ងៃទី២១ និង២២ ខែធ្នូ ឆ្នាំ២០២១នេះ។

សេចក្តីថ្លែងការណ៍រួម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ឱ្យដឹងថា៖ «ភាគីទាំងពីរក៏បានគាំទ្រអាស៊ាន និងចិន ក្នុងការរៀបចំរាល់សកម្មភាពដែលអត្ថន័យ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២០ នៃការចុះហត្ថលេខាលើ DOC ផងដែរ»។

បញ្ហាសមុទ្រចិនខាងត្បូង បានក្លាយទៅជាជម្លោះដណ្តើមដែនទឹកដ៏រ៉ាំរ៉ៃរាប់សិបឆ្នាំរវាងប្រទេសមហាអំណាចចិន និងប្រទេសអាស៊ានចំនួន៤ ក្នុងនោះមានឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម។ ជម្លោះនេះបានចាប់ផ្តើមកើនឡើងខ្លាំងនៅពេលដែលចិនចាប់ផ្តើមធ្វើកោះសិប្បនិម្មិតនៅក្នុងសមុទ្រចិនខាងត្បូង ខណៈអាស៊ាន និងមជ្ឈដ្ឋានអន្តរជាតិ បានអំពាវនាវឱ្យប្រទេសជម្លោះទាំងអស់ រក្សាភាពអត់ធ្មត់ ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី។

ជាមួយនឹងការខិតខំចូលរួមដោះស្រាយបញ្ហានេះ កាលពីឆ្នាំ២០០២ ខណៈដែលកម្ពុជាធ្វើជាប្រធានអាស៊ានលើកដំបូង អាស៊ាន-ចិន បានចេញសេចក្តីថ្លែងការណ៍ក្រមប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC)។ DOC គឺជាក្រមប្រតិបត្តិមួយ តាក់តែងឡើងកំណត់ឲ្យប្រទេស ដែលមានជម្លោះ ក្នុងលំហសមុទ្រចិនខាងត្បូង រួមមានប្រទេសចិន និងប្រទេសសមាជិកអាស៊ានមានដូចជា វៀតណាម ហ្វីលីពិន សិង្ហបុរី ព្រុយណេ ម៉ាឡេស៊ី...ដោះស្រាយគ្នា ដោយសន្តិវិធី និងគោរពតាមច្បាប់សមុទ្រអន្តរជាតិជាដើម។

ក្នុងឱកាសទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាមនេះ ភាគីបានបញ្ជាក់ជាថ្មីនូវជំហររួមរបស់អាស៊ានចំពោះសារសំខាន់នៃការថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងសេរីភាពនាវាចរណ៍ក្នុង និងការហោះហើរលើសមុទ្រចិនខាងត្បូង លើកកម្ពស់ កិច្ចសន្ទនា និងការកសាងទំនុកចិត្ត ការអនុវត្តស្វ័យអត់ធ្មត់ ការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ការដោះស្រាយជម្លោះតាមមធ្យោបាយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ រួមមានអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ១៩៨២ ស្តីពីច្បាប់សមុទ្រ (UNCLOS) ដោយមិនងាកទៅរកការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ធានានូវការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីក្រមប្រតិបត្តិនៃបណ្តាភាគីក្នុងសមុទ្រចិនខាងត្បូង (DOC) ដោយធ្វើការឆ្ពោះទៅរកការបញ្ចប់នូវក្រមប្រតិបត្តិក្នុងសមុទ្រចិនខាងត្បូង (COC) ដែលមានប្រសិទ្ធភាព និងពិតប្រាកដ ស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS ឆ្នាំ១៩៨២។

ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងឯកភាពបន្តកិច្ចសហប្រតិបត្តិការ និងសហការយ៉ាងជិតស្និទ្ធក្នុងក្របខណ្ឌពហុភាគី ដូចជា អង្គការសហប្រជាជាតិ និងអាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមសកល និងក្នុងតំបន់ ព្រមទាំងក្នុងក្របខ័ណ្ឌអនុតំបន់ រួមទាំងយន្តការកិច្ចសហប្រតិបត្តិការមេគង្គ ដើម្បីធានាការគ្រប់គ្រង និងការប្រើប្រាស់ប្រកបដោយចីរភាពនៃធនធានទឹកទន្លេមេគង្គ៕