(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ប្រចាំប្រទេសកម្ពុជា (JICA) នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ បានរៀបចំពិធីប្រគល់ពានរង្វាន់ «JICA President Award» ដល់លោកបណ្ឌិត អ៊ុម រម្យណី នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។

ការណ៍ដែលលោកបណ្ឌិត អ៊ុម រម្យណី ទទួលបានពានរង្វាន់ «JICA President Award» ធ្វើឲ្យនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារូបនេះ ក្លាយជាបុគ្គលឆ្នើមទី១ របស់កម្ពុជា ដែលមានកិត្តិយសត្រូវបានបំពាក់ពានរង្វាន់កម្រិតអន្តរជាតិមួយនេះមុនគេ។

លោកស្រី កាមេយ ហារូកុ ប្រធាន JICA បានប្រគល់ពានរង្វាន់នេះដោយផ្ទាល់តែម្តង ដែលពិធីប្រគល់ពានរង្វាន់ បានធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងតាមរយៈប្រព័ន្ធអនឡាញ។

បើតាម JICA, មូលហេតុដែលអង្គការនេះ ប្រគល់ពានរង្វាន់ «JICA President Award» ដល់លោកបណ្ឌិត អ៊ុម រម្យណី ដោយសារសម្លឹងឃើញថា លោកគឺជាបុគ្គលឆ្លើមដែលសម្រេចបានសមិទ្ធផល សំខាន់ៗ ជាពិសេសក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និងការអភិវឌ្ឍនានានៅកម្ពុជាតាមរយៈគម្រោង JICA ។

ជាមួយគ្នានេះ លោកបណ្ឌិត អ៊ុម រម្យណី បានសម្តែងក្តីរីករាយជាខ្លាំង ដែលអង្គការ JICA ផ្តល់ពានរង្វាន់នេះដល់រូបលោក។ លោកបណ្ឌិត ក៏បានប្តេជ្ញាចិត្តបន្តលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងជប៉ុន តាមរយៈគម្រោង JICA ផងដែរ៕