(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ទោះបីជារាជរដ្ឋាភិបាល បានប្រកាសបញ្ចប់ នូវ «ព្រឹត្តការណ៍ ២០កុម្ភៈ ឆ្នាំ២០២១» ក៏កាលពីថ្ងៃទី២០ខែធ្នូនេះហើយក៏ដោយ ប៉ុន្តែមិនត្រូវមើលស្រាល និងមានការធ្វេសប្រហែសចំពោះជំងឺកូវីដ១៩ នេះឡើយ ជាពិសេសប្រភេទមេរោគបំប្លែងថ្មីៗ ដូចជា អូមីក្រុង (Omicron variant) ដែលអាចនឹងបង្កហានិភ័យណាមួយដល់សេដ្ឋកិច្ច ឬត្រឡប់ទៅស្ថានភាពដើមឡើយ។

ក្នុងកម្មវិធីផ្សព្វផ្សាយដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ក្របខណ្ឌយុទ្ធសាស្រ្ត និង កម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣» តាមប្រព័ន្ធវីដេអូ នាថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ ២០២១ លោកបានគូសបញ្ជាក់ថា «យើងទាំងអស់គ្នាត្រូវបន្តត្រៀមខ្លួនជាប់ជានិច្ច ចំពោះសេណារីយ៉ូអាក្រក់ នៃការអូសបន្លាយយូរអង្វែងនៃវិបត្តិនៃជំងឺកូវីដ-១៩នេះ តាមរយៈការរៀនរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ដោយប្រកាន់ខ្ជាប់ នូវវិធានការសុខាភិបាល ជាពិសេសវិធានការ ៣ការពារ និង៣កុំ ប្រកបដោយស្មារតីប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់ ដើម្បីធានាការពារសុវត្ថិភាព និងសុខមាលភាពរបស់បុគ្គលនីមួយៗ ក៏ដូចជាការពារសុវត្ថិភាព និង សុខមាលភាពរបស់ក្រុមគួ្រសារ និង របស់សហគមន៍ ព្រមទាំងធានានូវនិរន្តរភាពនៃការបើកប្រទេស និងសកម្មភាពសង្គម-សេដ្ឋកិច្ច ពេញលេញឡើងវិញ មិនឱ្យមានការត្រឡប់ក្រោយ»

លោកបន្ថែមថា បន្ទាប់ពីកម្ពុជាត្រូវបានបើកពេញលេញឡើងវិញ ចាប់ពីថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ២០២១មក ដើម្បីទទួលភ្ញៀវទេសចរបរទេសក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែបន្តផ្តល់ការអនុគ្រោះផ្នែកពន្ធ, ដូចដែលបានដាក់ចេញនៅក្នុងវិធានការអន្តរាគមន៍ទាំង១០ជុំកន្លងមក សម្រាប់ឆមាសទី ១ នៃឆ្នាំ ២០២២ ដល់ប្រតិបត្តិករនៅក្នុងវិស័យទេសចរណ៍ និងវិស័យអាកាសចរណ៍ ដែលបានរងផលប៉ះពាល់ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ដើម្បីផ្តល់ការគាំទ្របន្ថែមដល់ធុរជនពាក់ព័ន្ធ ក្នុងការកែលម្អ និងត្រៀមខ្លួនទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោកបន្តថា រាជរដ្ឋាភិបាលក៏បានត្រៀមថវិកាប្រមាណ ២៥០ លានដុល្លារអាមេរិក នៅឆ្នាំ ២០២២ សម្រាប់ការផ្តល់ឥណទានដោយត្រង់ពីធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) និង ធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម (ARDB) ដោយកំណត់អត្រាការប្រាក់ដែលមានលក្ខណៈប្រកួតប្រជែង, ក្នុងរង្វង់ពី៥% ទៅ ៥.៥% ប៉ុណ្ណោះ, សម្រាប់វិស័យអាទិភាពសំខាន់ៗ រួមមាន៖ វិស័យកសិកម្ម, វិស័យអេកូទេសចរណ៍ និង វិស័យអាទិភាពមួយចំនួនទៀត។

រាជរដ្ឋាភិបាលដាក់ក្តីរំពឹងយ៉ាងមុតមាំថា បណ្តាវិធានការគោលនយោបាយជាក់លាក់ នៅតាមសសរស្តម្ភទាំង ៣ ឬ 3Rs ដូចមានចែងក្នុងឯកសារ «ក្របខណ្ឌយុទ្ធសាស្រ្ត និង កម្ម-វិធី» នេះ រួមមាន ៖ ការស្តារឡើងវិញ (Recovery), ការកែទម្រង់ (Reform), និង ការកសាងភាពធន់ (Resilience), នឹងមិនត្រឹមតែជួយជំរុញសេដ្ឋកិច្ចកម្ពុជា ឱ្យត្រឡប់មកស្ថិតលើមាគ៌ានៃកំណើនប្រកបដោយភាពរឹងមាំ, ចីរភាព និង បរិយាប័ន្នប៉ុណ្ណោះទេ, តែក៏នឹងជំរុញដល់ការកែប្រែនិម្មាបនកម្មសេដ្ឋកិច្ចកម្ពុជា ថែមទៀតផងដែរ ពិសេសគឺការបង្កើនពិពិធកម្មសេដ្ឋកិច្ច និង ភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីស្រវាចាប់យកទាន់ពេលនូវកាលានុវត្តភាពថ្មីៗដែលកំពុងលេចឡើង ស្របតាមនិន្នាការតំបន់ និងសកល៕