(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ប្រទេសលោកខាងលិចមួយចំនួនកំពុងបន្លឺសំឡេងនៃ «លទ្ធិប្រជាធិបតេយ្យ» និង «សិទ្ធិមនុស្ស» ម្តងហើយម្តងទៀត ហើយបានចំណាយថាមពលទាំងអស់របស់ខ្លួនលើការទប់ស្កាត់ប្រទេសដែលមិនធ្វើតាមគំរូរបស់ពួកគេ។

ការលើកឡើងបែបនេះរបស់លោកបណ្ឌិត គិន ភា បានធ្វើឡើងនៅក្នុងសន្និសីទអន្តរជាតិស្តីពី «តួនាទីរបស់ចិនក្នុងសតវត្សរ៍ទី២១ និងទំនាក់ទំនងរបស់ចិនជាមួយអាស៊ាន» នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ។

នាឱកាសនោះដែរ អ្នកជំនាញទំនាក់ទំនងអន្តរជាតិរបស់កម្ពុជា បានឱ្យដឹងថា ប្រទេសលោកខាងលិចតែងតែព្យាយាមបិទបាំងការបរាជ័យ និងភាពរញ៉េរញ៉ៃផ្ទៃក្នុងរបស់ខ្លួន ដោយបង្វែរការស្តីបន្ទោសទាំងអស់ ទៅកាន់ប្រទេសផ្សេងទៀត ដូចជា ប្រទេសចិន និងកម្ពុជាជាដើម។

បើតាមលោកបណ្ឌិត គិន ភា សន្និសីទអន្តរជាតិរបស់យើងបានរៀបចំឡើង ស្របពេលដែលសហរដ្ឋអាម៉េរិក បានរៀបចំកិច្ចប្រជុំមួយ ដែលគេហៅថា «កិច្ចប្រជុំកំពូលដើម្បីលទ្ធិប្រជាធិបតេយ្យ» ដែលបានអញ្ជើញប្រទេស ជាង១០០ប្រទេសចូលរួម។ ប៉ុន្តែកិច្ចប្រជុំកំពូលនេះត្រូវបានគេមើលឃើញថា ត្រូវបានប្រើប្រាស់ដើម្បីធ្វើឱ្យការបែងចែកភូមិសាស្ត្រនយោបាយកាន់តែធ្ងន់ធ្ងរ និងប៉ុនប៉ងបំបែកពិភពលោកទៅជាប្លុកជាថ្មីម្តងទៀត។ លទ្ធិប្រជាធិបតេយ្យកំពុងត្រូវបានគេប្រើប្រាស់ ដើម្បីក្លែងបន្លំពិភពលោកទាំងមូលលើ «ការព្រួយបារម្ភអំពីលទ្ធិប្រជាធិបតេយ្យ» និងបង្កើតផ្នត់គំនិតនៃសង្រ្គាមត្រជាក់ជាថ្មី។

ជាមួយគ្នានេះដែរលោកបណ្ឌិត បានបន្តថា លទ្ធិប្រជាធិបតេយ្យមិនមែនជាគ្រឿងអលង្ការ ដែលត្រូវប្រើដើម្បីតុបតែងលម្អទេ ប៉ុន្តែ វាត្រូវប្រើដើម្បីដោះស្រាយបញ្ហា ដែលប្រជាពលរដ្ឋចង់ដោះស្រាយ។ ប្រទេសមួយមានលទ្ធិប្រជាធិបតេយ្យ ឬអត់ អាស្រ័យលើថាតើប្រជាជនរបស់ខ្លួនពិតជាម្ចាស់ប្រទេសឬទេ, តើប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតដែរទេ ហើយសំខាន់ជាងនេះទៅទៀត គឺសិទ្ធិចូលរួមយ៉ាងទូលំទូលាយក្នុងនយោបាយ។ ប្រជាជនមិនមែនគ្រាន់បានទទួលត្រឹមកាសន្យាដោយពាក្យសំដីដ៏ពិរោះនៅក្នុងការបោះឆ្នោតនោះទេ ប្រការសំខាន់គឺថា តើការសន្យាទាំងប៉ុន្មានត្រូវបានបំពេញដែរ ឬយ៉ាងណាបន្ទាប់ពីការបោះឆ្នោតរួច។

«តើមានការកំណត់ នីតិវិធីនិងវិធាននយោបាយនៅក្នុងប្រព័ន្ធនយោបាយ និងច្បាប់របស់រដ្ឋបែបណា ហើយប្រព័ន្ធនយោបាយ និងច្បាប់ទាំងនោះត្រូវបានអនុវត្តយ៉ាងពិតប្រាកដដែរ ឬទេ។ តើវិធាន និងនីតិវិធីសម្រាប់ការ អនុវត្តអំណាចមានលក្ខណៈប្រជាធិបតេយ្យដែរ ឬទេ ហើយសំខាន់ជាងនេះទៅទៀត ថាតើការអនុវត្តអំណាចពិតជាស្ថិតក្រោមការត្រួតពិនិត្យ និងការកម្រិតរបស់ប្រជាជនដែរ ឬទេ»។ នេះជាការចោទសួរបន្ថែមរបស់លោកបណ្ឌិត គិត ភា។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា គោលដៅចាស់ផ្លាស់តែវិធីសាស្ត្រទេសម្រាប់មហាអំណាច ប្រទេសទន់ខ្សោយទៅជារណសិរ្សជួរមុខរបស់មហាអំណាច ចំណុចដែលត្រូវពិចារណារួមគ្នា ធ្វើយ៉ាងម៉េចកុំឱ្យយើងក្លាយជាខែលនៃសង្គ្រាម ខែលនៃភូមិសាស្ត្ររបស់មហាអំណាច ហើយកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ឬជាមួយមហាអំណាចណាក៏ដោយ យើងត្រូវតែគិតថាកិច្ចសហប្រតិបត្តិការនេះ មិនគ្រាន់តែជាខែលនយោបាយទេ គឺត្រូវតែជាការអភិវឌ្ឍទៅជាមួយគ្នា ទាញយកភាពរឹងមាំទៅជាមួយគ្នា។

មន្ត្រីជាន់ខ្ពស់ នៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា៖ «កម្ពុជា ឆ្អែតឆ្អន់នឹងសង្គ្រាម កម្ពុជាឆ្អែតឆ្អន់នឹងមហាអំណាចព្រលែងយើងចោល អញ្ចឹងយើងត្រូវរកទីតាំងខ្លួនឯងឈរ ឱ្យមាំនៅក្នុងទិដ្ឋភាពការប្រកួតប្រជែងនេះ យើងមិនអាចគ្រាន់តែដើរតួសម្តែងនៅខាងមុខឱ្យគេបាននោះទេ»

លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា អាស៊ានបានកើតឡើងនៅក្នុងទិដ្ឋភាពនៃការប្រកួតប្រជែងមនោគមនយោបាយ ក្នុងសម័យសង្គ្រាមត្រជាក់ ប៉ុន្តែ មកដល់បច្ចុប្បន្ននេះ អាស៊ាន មិនមែនតំណាងឱ្យការប្រកួតប្រជែង នៃមនោគមនយោបាយទៀតទេ អាស៊ាន គឺដើម្បីសហគមន៍នៃវឌ្ឍនៈភាព វិបុលភាពជាមួយគ្នា ប៉ុន្តែដោយសារតែការប្រកួតប្រជែងរបស់មហាអំណាចចេះតែចង់រុញច្រានឱ្យអាស៊ាន ទៅដល់ចំណុចហ្នឹងឡើងវិញ ដូច្នេះ ភាពជាដៃគូជាមួយចិន ត្រូវតែយកគោលដៅរឹងមាំជាមួយគ្នា គាំទ្រឱ្យអាស៊ានរឹងមាំជាមួយគ្នា ប្រសិនបើបណ្តោយឱ្យអាស៊ានបែកបាក់នោះតំបន់ក្តៅនឹងផ្ទុះចេញពីអាស៊ានឡើងវិញ។

«ប្រាកដណាស់ហើយមហាអំណោចច្រៀងពិរោះៗ ស្តីអំពីសន្តិភាព លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្សយើងមិនបដិសេធនេះជាចំណីដ៏ឆ្ងាញ់របស់ប្រជាពលរដ្ឋ ប៉ុន្តែ ពេលខ្លះចម្រៀងអស់ហ្នឹងវាទៅជាការបែកបាក់ ប្រសិនបើយើងមិនចេះរៀបចំខ្លួន»។ នេះជាការបញ្ជាក់បន្ថែមរបស់លោកបណ្ឌិត យង់ ពៅ។

លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា តាមរយៈការឆ្លុះបញ្ចាំគោលនយោបាយការបរទេសរបស់ចិន យើងអាចនិយាយបានថាប្រទេសចិន ប្តេជ្ញាចិត្តប្រកាន់យកនូវគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទះក្នុង របស់ប្រទេសដទៃ។ ប្រទេសចិននឹងមិនបង្ខិតបង្ខំដាក់ប្រព័ន្ធនយោបាយរបស់ខ្លួនលើប្រជាជាតិមួយផ្សេងទៀតទេ ហើយចិនក៏មិនមែនស្វែងរកនូវអនុភាពដែលមានកម្លាំងធំនោះឡើយ តែកម្លាំងសេដ្ឋកិច្ចចិន នៅតែបង្ហាញ។

បន្ថែមពីនេះ លោកបណ្ឌិត សុខ ទូច បានបញ្ជាក់ថា ភាពជាដៃគូរវាងអាស៊ាន-ចិន មិនត្រឹមតែមិនអាចខ្លះបានប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងថែមទាំងត្រូវការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការណ៍ឱ្យកាន់តែប្រសើរ និងរឹងមាំថែមទៀត៕