(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានចូលរួមក្នុងសិក្ខាសាលា ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) តាមប្រព័ ន្ធវីដេអូអនឡាញ Zoom ក្រោមអធិបតីភាពលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។

សិក្ខាសាលានេះក៏មានការចូលរួមពីសំណាក់អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា សមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា មន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានពន្ធដារ វាគ្មិន និងអ្នកចូលរួមពីចម្ងាយតាមរយៈអនឡាញចំនួន ៨០០នាក់ទៀតផង។

គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីដាក់ចេញនូវយន្តការអនុវត្តអាករលើតម្លៃបន្ថែមលើទំនិញឌីជីថល និងសេវាឌីជីថល ដែលធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ប្រើប្រាស់ក្នុងព្រះរាជាណាចក្រកម្ពុជា និងធ្វើការផ្គត់ផ្គង់ដោយអ្នកជាប់ពន្ធអនិវាសនជន ដែលមិនមានគ្រឹះស្ថានអចិន្ត្រៃយ៍ នៅកម្ពុជា។

វិសាលភាពនៃសិក្ខាសាលានេះ គឺអនុវត្តចំពោះការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិក ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលធ្វើឡើងដោយអ្នកផ្គត់ផ្គង់អនិវាសនជន នៅក្រៅមកក្នុងកម្ពុជា៕