(ភ្នំពេញ)៖ លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាប្រធានគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ បានលើកឡើងថា ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ មិនអាចអនុវត្តដោយក្រសួង ឬស្ថាប័នណាមួយ ដោយឡែកបានទេ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី អញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ លើកកម្ពស់សីលធម៌សង្គម
តម្លៃស្រ្តី និងគ្រួសារខ្មែរ ឆ្នាំ២០២០-២០២១ និងលើកទិសដៅឆ្នាំ២០២២ នៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។

លោកស្រី អ៉ឹង កន្ថាផាវី បានបញ្ជាក់យ៉ាងដូច្នេះថា «ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ និងការលុបបំបាត់ នូវភាពអសកម្មទាំងឡាយក្នុងសង្គម គឺជាការងារអប់រំសង្គម ដែលមានភាពលំបាក ស្មុគស្មាញ ហើយការងារនេះ មិនអាចអនុវត្តដោយក្រសួង ឬស្ថាប័នណាមួយ ដោយឡែកបានទេ»

ក្នុងន័យនេះ លោកស្រី អ៉ឹង កន្ថាផាវី ចង់ប្រាប់ថា យើងត្រូវការឲ្យមានការចូលរួមដោះស្រាយទាំងអស់គ្នា ទាំងស្ថាប័ននីតិបញ្ញតិ្ត នីតិប្រតិបត្តិ តុលាការ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល ផ្នែកឯកជន ក៏ដូចជាប្រជាជនគ្រប់រូប។

លោកស្រី អ៉ឹង កន្ថាផាវី បានបន្ថែមទៀតថា ជាមួយនេះដែរ ការងារសីលធម៌សង្គម គឺជាការងារដែលពាក់ព័ន្ធ ដល់ការផ្លាស់ប្តូរអាកប្បកិរិយា ក៏ដូចជាផ្នត់គំនិត របស់ប្រជាជន និងជាការងារមួយ ដែលមិនអាចធ្វើដោយតក់ក្រហល់ ហើយសម្រេចបានជោគជ័យ នៅក្នុងរយៈពេលខ្លីបានឡើយ។

លោកស្រីបញ្ជាក់ថា ការងារនេះ ទាមទារនូវពេលវេលា គួបផ្សំនឹងទស្សនៈរួមរបស់សង្គម ព្រមទាំងការប្តេជ្ញាចិត្តខ្ពស់ ពីគ្រប់មជ្ឈដ្ឋាននៅគ្រប់កម្រិត ដោយបន្តលើកកម្ពស់ សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ ដែលជាកត្តារួមចំណែកធ្វើឲ្យមានសមធម៌ បរិយាប័ន្ន សុខុមាលភាពគ្រួសារ និងសង្គម។

គូសបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ មានគោលបំណងពិនិត្យមើលឡើងវិញ លើវឌ្ឍនភាពបញ្ហាប្រឈម និងមេរៀនបទពិសោធន៍ ដែលបានមកពីការអនុវត្តការងារ លើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ ក្នុងឆ្នាំ២០២០-២០២១ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២២៕