(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសអំពីលទ្ធផលនៃកិច្ចប្រជុំ ដើម្បីដោះស្រាយវិវាទការងារ នៅក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីតធីត នៅថ្ងៃនេះ។

ស្របតាមស្មារតីកិច្ចប្រជុំនៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ដែលអង្គប្រជុំ បានឯកភាពគ្នាថា នឹងបន្តដោះស្រាយករណីទាមទាររបស់កម្មករនិយោជិតំនៃក្រុមហ៊ុនណាហ្គាវើលដ៍ លីមីធីត ចំនួន ៣៦០នាក់ ដែលមិនទាន់ឯកភាពក្នុងការទទួលយកការទូទាត់ប្រាក់បំណាច់ផ្តាច់កិច្ចសន្យា ការងារទៅតាមករណីនីមួយៗ។

ក្នុងន័យនេះ ដើម្បីបន្តដោះស្រាយករណីវិវាទនេះ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញលិខិតអញ្ជើញកម្មករនិយោជិតទាំង ៣៦០នាក់ និងអ្នកតំណាងរបស់ពួកគេ ទៅធ្វើការដោះស្រាយ ចាប់ពីម៉ោង ៩:០០នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ តទៅនៅទីស្តីការ ក្រសួង។

សេចក្តីប្រកាសរបស់ក្រសួងការងារ បានបញ្ជាក់ថា គិតត្រឹមម៉ោង ៤រសៀលនេះ មានកម្មករនិយោជិតម្នាក់បានមកចូលរួម និងបានជម្រាបក្រសួងថា ខ្លួនឯកភាពទទួលយកដំណោះស្រាយពីក្រុមហ៊ុន និងត្រៀមខ្លួនជូនដំណឹងទៅក្រុមហ៊ុននៅថ្ងៃស្អែក ហើយពេលរសៀលនេះ ក្រសួងបានប្រជុំជាមួយតំណាងរបស់បងប្អូនកម្មករនិយោជិតដើម្បីពិនិត្យទៅលើការគណនាសំណងរបស់និយោជកកន្លងមក។

ក្រសួងបានអះអាងថា ខ្លួនបន្តរង់ចាំទទួលកម្មករនិយោជិត ដែលយល់ព្រមទទួលយកលក្ខខណ្ឌដែលបានឯកភាព ក្នុងកិច្ចប្រជុំនៅសាលារាជធានីភ្នំពេញកន្លងមក និងបន្តជួបជាមួយតំណាងកម្មករនិយោជិតដើម្បី ពិភាក្សាលើការងារផ្សេងៗ។

ក្រសួងការងារក៏បានអំពាវនាវដល់ កម្មករ និងអង្គការសហជីព ក៏ដូចជានិយោជកចូលរួមសហការជាមួយ ក្រសួង និងអាជ្ញាធរមានសមត្ថកិច្ចដើម្បីបញ្ចប់ករណីវិវាទនេះ ជាជាងការធ្វើកូដកម្ម ដែលនាំឱ្យប៉ះពាល់ដល់ ផលប្រយោជន៍គ្រប់ភាគីពាក់ព័ន្ធ។

ក្រសួងបានអះអាងថាខ្លួនបន្តការពារឱ្យបាននូវអ្វីដែលជាផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត និង និយោជក ព្រមទាំងបន្តខិតខំសម្របសម្រួលដោះស្រាយវិវាទការងារនេះជូនកម្មករនិយោជិតជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៩:០០ព្រឹក តទៅ ស្របតាមតួនាទីភារកិច្ចរបស់ខ្លួន រហូតករណីវិវាទនេះត្រូវបានដោះស្រាយបញ្ចប់ស្របតាម ច្បាប់នានាជាធរមាន៕