(សៀមរាប)៖ សាកលវិទ្យាល័យអង្គរ បានរៀបចំវេទិកាវិស្វកម្ម និងស្ថាបត្យកម្មស្ដីពីតួនាទីវិស្វករ និងស្ថាបត្យករក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្រុង ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីទស្សនវិស័យនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្រុង ក្នុងបរិបទឧស្សាហកម្ម ៤.០ និងស្វែងយល់អំពីសារៈសំខាន់នៃការអភិរក្ស និងការអភិវឌ្ឍរចនាបទនៃការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្រុងប្រកបដោយភាពទទួលខុសត្រូវ (ដូចជាការអភិវឌ្ឍក្រុងព្រះសីហនុ និងក្រុងសៀមរាប នាពេលនេះ) ហើយក៏ដើម្បីត្រៀមខ្លួនសម្រាប់ការវិនីយោគ ការដោះដូរពាណិជ្ជកម្មក្នុងវិស័យសំណង់ អចលនទ្រព្យ ដើម្បីជាចលករនៃកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន។

វេទិកានេះធ្វើឡើងនារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ដែលមានការចូលរួមពីលោកបណ្ឌិត លី រស្មី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកបណ្ឌិត ហូ ចាន់ថា អគ្គនាយករងនៃក្រសួងដែនដី លោក សំ សុថារ៉ាត់ អនុប្រធាននាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យ នៃអាជ្ញាធរជាតិអប្សរា លោក គី វិរិន្ធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប លោក ម៉េង ហ៊ាង ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម នៃមន្ទីរដែនដីខេត្តសៀមរាប លោក សុខ តុញ អគ្គនាយកក្រុមហ៊ុន សុខ តុញ រៀលអ៉ីស្ទេត និងមានការសម្របសម្រួលពីលោកបណ្ឌិត ញិល រដ្ឋា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអង្គរ ព្រមទាំងមានវត្តមាននិស្សិត សាស្ត្រាចារ្យ និងអាជីវករប្រមាណ១០០នាក់។

លោកបណ្ឌិត លី រស្មី បានលើកឡើងថា ដើម្បីអភិវឌ្ឍខឿនហេដ្ឋារចនាសម្ព័ន្ធក្រុងឱ្យមានការរីកចម្រើន និងបានល្អប្រសើរ ទាមទារឱ្យមានការយល់ដឹងលើផ្នែកការរៀបចំផែនការមេសម្រាប់ការអភិវឌ្ឍទីក្រុងគឺមានសារសំខាន់ណាស់ ជាក់ស្ដែងក្រសួងរៀបចំដែនដីបានចេញនូវសៀវភៅស១ ដែលរៀបរាប់អំពីការរៀបចំផែនការប្រើប្រាស់ដី និងផែនការមេសម្រាប់ការអភិវឌ្ឍទីក្រុង និងទីប្រជុំជនទាំងអស់នៅកម្ពុជា ដើម្បីចង្អុលបង្ហាញថាតើគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យផ្ដោតទៅលើអ្វីខ្លះ និងជាចម្បងក្នុងការអភិវឌ្ឍផែនការមេ ដែលក្នុងនោះមានខេត្តសៀមរាប និងខេត្តព្រះសីហនុផងដែរសម្រាប់ចក្ខុវិស័យដល់ឆ្នាំ២០៣៥។

លោកបានបញ្ជាក់ថា នៅក្នុងផែនការមេនេះត្រូវគិតគូរទៅលើចក្ខុវិស័យវែងឆ្ងាយ មានដាក់ចេញនូវផែនការយុទ្ធសាស្ត្រធំៗចំនួន៣សម្រាប់អភិវឌ្ឍទីក្រុងដែលមានសក្តានុពលផ្នែកសេដ្ឋកិច្ច នៅក្នុងនោះគឺមានរាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តសៀមរាប។ នេះជាចក្ខុវិស័យអភិវឌ្ឍជាតិ ដែលផ្ដោតលើការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធទាំងអស់ ហើយការរៀបចំផែនការមេនេះដែរ គឺត្រូវគិតគូរទៅលើចក្ខុវិស័យវែងឆ្ងាយ ក៏ដូចជាការរៀបចំប្ដង់មេរបស់ទីក្រុងនីមួយៗហ្នឹងឱ្យឆ្លើយតបទៅនឹងភាគីពាក់ព័ន្ធ ក៏ដូចជាស្ថាប័នពាក់ព័ន្ធនៅក្នុងផែនការមេទាំងអស់ហ្នឹងដែរ ព្រោះផែនទីមេជាត្រីវិស័យមួយសម្រាប់ធ្វើការអភិវឌ្ឍស្របទៅតាមការសិក្សាស្រាវជ្រាវ និងការគិតគូរដ៏ហ្មត់ចត់បំផុត ដែលអាចនាំឱ្យការអភិវឌ្ឍទីក្រុងមានសោភ័ណភាព បរិស្ថាន សណ្ដាប់ធ្នាប់ និងអនាម័យល្អផងដែរ។

លោកបានផ្ដាំផ្ញើដល់និស្សិតវិស្វកម្ម និងស្ថាបត្យកម្មនៃសាកលវិទ្យាល័យអង្គរថា ដើម្បីអាចបន្តវេនតាំងពីដូនតារបស់ខ្មែរមក ត្រូវការសិក្សាស្រាវជ្រាវច្រើនទៅតាមជំនាញនីមួយៗ ជាពិសេសសុំឱ្យអ្នកសិក្សាទាំងអស់ត្រូវស្គាល់ពីតួនាទីរបស់ខ្លួន ហើយត្រូវមានចក្ខុវិស័យក្នុងការបំពេញការ ត្រូវធ្វើអ្វីៗទាំងអស់ដែលចេញពីបេះដូងប្រកបដោយឆន្ទៈ ឧត្តមគតិ និងមនសិការ នោះការសិក្សារបស់យើងនឹងទទួលបានជោគជ័យ។

លោក ហូ ចាន់ថា បានចូលរួមផ្ដាំផ្ញើថា សម្រាប់យុវជន ក្នុងការរៀនសូត្រដើម្បីឱ្យក្លាយជាអ្នកដឹកនាំគេបាន ទទួលបានការងារល្អ និងជោគជ័យ ពិសេសវិស្វកម្មល្អ និងស្ថាបត្យល្អ គឺត្រូវការជំនាញច្បាស់លាស់ គឺជំនាញដ៏ពិតប្រាកដ ចឹងយើងត្រូវខិតខំប្រឹងប្រែង តស៊ូក្នុងការសិក្សាពីក្រោមនេះទៅឱ្យខ្លាំង ដើម្បីជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយ ។

លោក សំ សុថារ៉ាត់ បានផ្ដាំផ្ញើថា បើគ្រឹះយើងមិនរឹងម៉ាំនោះទេ គឺនឹងមានការពុកផុយនៅពេលខាងក្រោយ ហើយជាបទពិសោធន៍ និងជាការចែករំលែកដល់សិស្ស និស្សិតជំនាន់ក្រោយៗកន្លងមកនេះ លោកតែងតែប្រាប់ថា ស្ថាបត្យកម្មនេះគឺជ្រាលជ្រៅណាស់។ ហេតុអីបានជាស្ថាបត្យកម្មនេះ ដាក់ឱ្យនៅក្រោមសាលាភូមិន្ទ និងវិចិត្រសិល្បៈ? ព្រោះវាគឺជាផ្នែកមួយនៃសិល្បៈសម្រាប់ការច្នៃប្រឌិតឱ្យចេញជារូបរាង មានភាពទាក់ទាញ និងភាពប្រណីត។ អ្វីដែលសំខាន់ និងចាំបាច់ផងដែរនោះ គឺត្រូវហ្វឹកហាត់ប្រើដៃឱ្យបានច្រើនជាងកុំព្យូទ័ ព្រោះរាល់ការរៀបចំចាប់ផ្ដើមដោយដៃដែលមានភាពរស់រវើក គឺមានតម្លៃជាសកលខ្លាំងណាស់។

លោក សុខ តុញ ក៏បានចូលរួមផ្ដាំផ្ញើថា សម្រាប់ទទួលបានជោគជ័យ គឺត្រូវដាក់គោលដៅឱ្យច្បាស់លាស់ ទាំងការរៀនសូត្រ ទាំងការបំពេញគ្រប់កិច្ចការនានា។ ចំណុចសំខាន់មួយទៀត អ្នករកស៊ី ពិសេសវិស័យឯកជនត្រូវចូលរួមគោរពច្បាប់ និងគោលការណែនាំរបស់រដ្ឋាភិបាលកម្ពុជា៕