(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Royal Group រួមទាំងភរិយា ព្រមទាំងកូនៗទាំង៤នាក់ នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញចូលជួបសម្តែងការគួរសម និងសួរសុខទុក្ខ លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងភរិយារបស់លោក គឺលោកស្រី ពេជ ចន្ទមុន្នី នៅគេហដ្ឋាន។

នៅក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង បានថ្លែងអំណរគុណលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដែលបានអនុញ្ញាតឱ្យ លោកចូលជួបសម្តែងការគួរសម និងសួរសុខទុក្ខនៅក្នុងឱកាសនេះ។ អ្នកឧកញ៉ាក៏បានសម្តែងការគោរព និងកោតសរសើរជាខ្លាំងចំពោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដែលបានខិតខំអស់ពីកម្លាំងកាយចិត្តក្នុងការក្នុងសកម្មភាពនានាកន្លងមក ដើម្បីរួមចំណែកជួយដល់រាជរដ្ឋាភិបាល ប្រទេសជាតិ និងប្រជាជនកម្ពុជា។

ឆ្លៀតនៅក្នុងឱកាសនេះ អ្នកឧកញ៉ា គិត ម៉េង សូមប្រកាសជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនកម្ពុជា ក្នុងការប្រកាសគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត ដែលលោកពិតជាឥស្សរជនដែលស័ក្តិសម និងជាឥស្សរជនថ្នាក់ដឹកនាំវ័យក្មេងដ៏ឆ្នើមមួយរូបរបស់កម្ពុជា ពោរពេញដោយសមត្ថភាព និងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ និងសីលធម៌ដ៏ល្អ និងកំពុងរួមចំណែកស្រាប់ក្នុងចូលរួមយ៉ាងសកម្មក្នុងបេសកកម្មដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

អ្នកឧកញ៉ា ក៏បានគោរពជូនពរ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ព្រមទាំងបុត្រ បន្តទទួលបានជោគជ័យបេសកកម្មដ៏ឧត្តុង្គឧត្តម បម្រើជាតិមាតុភូមិដ៏បវរនៃយើង និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយផងដែរ។

សូមបញ្ជាក់ថា អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប តែចូលរួមឧបត្ថម្ភគាំទ្រយ៉ាងសកម្មដល់សកម្មភាព និងគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា។ លោកបានចូលរួមឧបត្ថម្ភគាំទ្រដល់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ សកម្មភាពមនុស្សធម៌នានាផងដែរ៕