(ភ្នំពេញ)៖ លោកបណ្ឌិត ហ៉ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យវប្បធម៌ និងវិចិត្រសិល្បៈ បានប្តេជ្ញាបន្តធ្វើការងារលើកស្ទួយវិស័យនេះ ដោយប្រើ «ព្រលឹង និងបេះដូង» បន្ថែមទៀត។

ក្នុងកម្មវិធីអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ លោកបណ្ឌិត ហ៉ឺ វីរៈ បានលើកឡើងទៀតថា អ្នកធ្វើការដើម្បីលើកស្ទួយវិស័យវប្បធម៌ និងវិចិត្រសិល្បៈនេះ មានការលះបង់ខ្ពស់ណាស់។ លះបង់ខ្ពស់ត្រង់ថា ពួកគាត់ហាត់សមទាំងថ្ងៃទាំងភ្លៀង និងក្តៅត្រជាក់ ដើម្បីតែការទ្រទ្រង់ឲ្យផ្នែកមួយ នៃអារ្យធម៌របស់ប្រទេសស្ថិតនៅជានិរន្តរ៍។

ព្រលឹង សម្តៅដល់ការធ្វើការងារដោយមានមនសិការ ចំណែកឯ បេះដូង សម្តៅដល់ការធ្វើការងារដោយក្តីស្រឡាញ់ ក្នុងគោលដៅដើម្បីឲ្យវិស័យនេះកាន់តែរីកចម្រើនទៅមុខជាលំដាប់។ បើតាមការពន្យល់របស់លោក។

ក្នុងន័យនេះ រដ្ឋលេខាធិការរូបនេះ បានកោតសរសើរដល់អ្នកដែលស្រឡាញ់ផ្នែកវប្បធម៌ និងវិចិត្រសិល្បៈ ព្រោះថាបើទោះបីវិស័យនេះមិនជួយឲ្យពួកគាត់ ក្លាយជាអ្នកមានក៏ពួកគាត់ខិតខំលើកស្ទួយជានិច្ច។ លោកបន្ថែមថា ភាគច្រើនអ្នកដែលហ្វឹកហាត់ផ្នែកវប្បធម៌ និងវិចិត្រសិល្បៈ គឺជាកូនអ្នកក្រីក្រ និងកូនអ្នកដែលមានឈាមជ័រ ចំពោះផ្នែកនេះតែម្តង៕