(ភ្នំពេញ)៖ សហគ្រិនខ្មែរ ជាស្ថាប័នបង្កើតឡើងដោយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បានរៀបចំកម្មវិធី «ប្រគល់ពានរង្វាន់សហគ្រិនខ្មែរឆ្នាំ២០២១» នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ក្រោមអធិបតីភាពលោក វង្សី វិស្សុត រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍសហគ្រិនភាព ។

លោក វង្សី វិស្សុត បានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន មានចក្ខុវិស័យវែងឆ្ងាយក្នុងការកសាង និងលើកស្ទួយសហគ្រិនភាពនៅក្នុងការដឹកនាំវិស័យឯកជន ដែលជាដៃគូក្នុងកិច្ចអភិវឌ្ឍរបស់រាជរដ្ឋាភិបាល និងជាកម្លាំងចលករក្នុងការអូសទាញកំណើនសេដ្ឋកិច្ចជាតិ។

លោកបន្តទៀតថា «កម្មវិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរឆ្នាំ២០២១ ជាសកម្មភាពមួយក្នុងចំណោមកម្មវិធីស្នូលរបស់សហគ្រិនខ្មែរ ក្នុងការលើកស្ទួយវិស័យសហគ្រិនភាព នៅកម្ពុជាឱ្យកាន់តែប្រសើរ តាមរយៈការបង្កើតបរិយាកាសអំណោយផលដល់សហគ្រិន ឲ្យបានសិក្សា រៀនសូត្រ សាកល្បងសមត្ថភាព និងកសាងបណ្ដាញក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ឱ្យកាន់តែមានភាពប្រទាក់ក្រឡា និងរឹងមាំ ដេីម្បីកសាងមេទ័ព ឬអ្នកដឹកនាំពូកែៗក្នុងវិស័យឯកជនដេីម្បីប្រយុទ្ធ ប្រកួតប្រជែងក្នុងសមរភូមិសេដ្ឋកិច្ចក្នុងគោលដៅនៃការកសាងភាពរឹងមាំ ភាពធន់ និងទ្រទ្រង់ចីរភាព កំណេីននៃសេដ្ឋកិច្ចជាតិក្នុងរយៈពេលវែង»។

កម្មវិធី «ប្រគល់ពានរង្វាន់សហគ្រិនខ្មែរឆ្នាំ២០២១» ត្រូវបានរៀបចំអស់រយៈពេលពេញ១ឆ្នាំ ដែលតម្រូវឲ្យ មានការលើកទឹកចិត្តទៅតាមតម្រូវការរៀងៗខ្លួន ជាលទ្ធផលមានជ័យលាភីសរុបចំនួន ១៤ពាន៖ «ពានរង្វាន់ពន្លកសហគ្រិនខ្មែរ» (Highschool Awards) មាន៣ពានរង្វាន់ បានសហការជាមួយដៃគូ DancingRains ផ្តោតលើសិស្សានុសិស្សវិទ្យាល័យ ដើម្បីទទួលបានការ ជម្រុញឲ្យក្លាយជាទំពាំងស្នងឬស្សី ក្នុងវិស័យសហគ្រិនភាព។

«ពានរង្វាន់សហគ្រិនក្នុងធុរកិច្ចបង្កើតថ្មី» (Startup Awards) មាន៦ពានរង្វាន់ ដែលបាន សហការជាមួយដៃគូ Mango Tango Asia ផ្តល់ជាវេទិកាក្នុងការបង្ហាញពីគំនិតផ្តួចផ្តើម ដើម្បីបំប្លែងគំនិតទាំងនោះជាអាជីវកម្មដែលមានតំរូវការ ក្នុងទីផ្សារ ។

«ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា» (SME Awards) មាន៥ពានរង្វាន់ ដែលមាន កិច្ចសហការពីសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ក្នុងគោលបំណងបង្កើតបរិយាកាសសមរម្យ ក្នុងការផ្សព្វផ្សាយបន្ថែមពីអាជីវកម្មជាសាធារណៈ បង្កើត បណ្ដាញទំនាក់ទំនងជាមួយដៃគូវិនិយោគ ជួយសម្រួលនិតិវិធីប្រតិបត្តិការ និង ការអនុលោមតាមច្បាប់ ដែលគាំទ្រដល់ការលូតលាស់របស់ សហគ្រាសធនតូចនិងមធ្យម។

បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ បានមានប្រសាសន៍ថា «សហគ្រិនខ្មែរ មានចក្ខុវិស័យក្លាយជាថ្នាលជាតិ ក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព គ្រប់តំបន់នៅក្នុងប្រទេសកម្ពុជាឲ្យបានទូលំទូលាយ និងគ្របដណ្តប់សហគ្រិនគ្រប់ប្រភេទ សំដៅបង្កើន សហគ្រិនជំនាន់ថ្មី ដែលនឹងជំនួស ឬបន្ថែម ជាធនធានមនុស្ស ដើម្បីបង្កើតអាជីវកម្មបែបថ្មី ឲ្យកាន់តែច្រើន»។

កម្មវិធីទាំងមូលបានបញ្ចប់ដែលមានការចូលរួមពីភ្ញៀវកិត្តិយស ទាំងស្ថាប័នរដ្ឋ និង វិស័យឯកជន។ គួរបញ្ជាក់ផងដែរថា សហគ្រិនខ្មែរ ជាស្ថាប័នទី១ ដែលបានរៀបចំកម្មវិធីលើកកម្ពស់វិស័យសហគ្រិនភាព ទាំង៣ប្រភេទ ក្នុងកំឡុងពេល វិបត្តិកូវិដ១៩ ក្នុងឆ្នាំតែ១ ហើយសម្រេច និងបញ្ចប់បានក្នុងពេលតែ១ ។

បន្ថែមពីនេះ សហគ្រិនខ្មែរ រំពឹងថានឹងបន្តរៀបចំកម្មវិធី ប្រកួតនិងប្រគល់ពានរង្វាន់ បែបនេះឲ្យក្លាយ ជាព្រឹត្តិការណ៏ប្រចាំឆ្នាំ ក្នុងការលើកទឹកចិត្តដល់សហគ្រិនក្នុងស្រុកឲ្យចូលរួម ប្រកួតប្រជែងបង្កើន សមត្ថភាព និងអភិវឌ្ឍអាជីវកម្មប្រកបដោយចីរភាព។ ដោយឡែកសហគ្រិនដែលមិនបានដាក់ពាក្យ ប្រកួតប្រជែងក្នុងកម្មវិធីរបស់ សហគ្រិនខ្មែរ ហើយយល់ថាខ្លួនមានសមត្ថភាពពេញលេញ សូមដាក់ ពាក្យចូលរួមប្រកួតប្រជែងក្នុងកម្មវិធីរបស់ សហគ្រិនខ្មែរ នាឱកាសក្រោយៗទៀត៕